(បាត់ដំបង)៖ មន្រ្តីអាវុធហត្ថខេត្តបាត់ដំបងឈ្មោះ ភៀន បានដកកាំភ្លើងខ្លីបាញ់បុរសម្នាក់បាក់ជើងដោយសារខឹងស៊ីផ្លេខ្លាំងៗ នៅមុខផ្ទះរបស់ខ្លួននៅម៉ោង១០និង៣០នាទី យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្រុមទី១៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
បុរសរងគ្រោះបានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ថា មុនកើតហេតុខ្លួន បានជិះម៉ូតូម៉ាក Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1R9-430 មានចាប់ដែកទុកសម្រាប់សណ្តោងរ៉ើម៉កពីលើ នៅពេលជិះទៅដល់ចំណុចកើតហេតុ ពោលចំខាងមុខផ្ទះជនដៃ ក៏បានចុចស៊ីផ្លេម៉ូតូ ដើម្បីហៅសង្សាខ្លួនដែលស្នាក់នៅបន្ទប់ផ្ទះជួលក្បែរផ្ទះជនបង្ក ក៏ត្រូវមន្ត្រី អ.ហ ខេត្តរូបនោះ បានបាញ់ប្រហាមកលើខ្លួន ខណៈកំពុងជិះនៅលើម៉ូតូនៅឡើយ។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បាននិយាយថា នៅពេលជនដៃដល់ជាមន្ត្រី អ.ហ ខេត្តបានបាញ់ជនរងគ្រោះចំនួន១គ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់រួចមក ជនដៃដល់បានបាញ់មួយគ្រាប់ទៀត ប៉ុន្តែសំណាងដោយកាំភ្លើងមិនផ្ទុះ ហើយពេលនោះជនរងគ្រោះ បានរត់ចូលក្នុងបន្ទប់លេខ២ ផ្ទះដែលសង្សាខ្លួនជួលនោះ ដើម្បីសុំឲ្យគេជួយ ក៏ប៉ុន្តែគ្រប់គ្នាមិនហ៊ានចេញមកជួយទេ បានត្រឹមអើតមើល តែក៏បានជួយទាក់ទងទូរស័ព្ទទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។ បន្ទាប់ពីមន្រ្តី អ.ហ ខេត្ត ខាងលើបានពីបាញ់ប្រហារជនរងគ្រោះហើយ ភ្លាមៗនោះ លោក ឡាច វ៉ាន់ ជានាយការិយាល័យព្រហ្មទណ្ ឌអាវុធហត្ថខេត្ត ត្រូវជាមេកើយរបស់ជនដៃដល់ បានយកម៉ូតូមកឌុបរំដោះជនបង្កចេញពីកន្លែងកើតហេតុភ្លាមៗផងដែរ គឺឌុបចេញស្របពេល លោក ឈឿង គឹមសុង ដឹកនាំក្រុមបង្ការ បង្ក្រាប ចូលទៅដល់កន្លែងកើតហេតុ។
ចំណែក លោក ឈឿង គឹមសុង នៅពេលដឹកនាំក្រុមបង្ការ បង្ក្រាប បានចុះទៅដល់កន្លែងកើតហេតុហើយ និងបានសាកសួរ និងប្រមូលវត្ថុតាង ព្រមទាំងជួយដឹកបញ្ជូនជនរងគ្រោះមកសង្រ្គោះ នៅមន្ទីពេទ្យយោធភូមិភាគទី៥(ព២) ។ ជនរងគ្រោះដែលត្រូវមន្ត្រី អ.ហ ខេត្តបានបាញ់ខាងលើមានឈ្មោះ ព្រឿង រដ្ឋា អាយុ២៤ឆ្នាំ មានទីលំនៅភូមិស្តី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ មុខរបរជាចុងភៅ នៅក្នុងសណ្ឋាគារ (ក្លាស់ស៊ី) ក្រុងបាត់ដំបង។ បច្ចុប្បន្នជនដៃដល់កំពុងស្ថិតក្នុងការសាកសួរនៅការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តនៅឡើយ គេពុំទាន់ច្បាស់ថា ថ្នាក់លើចាត់វិធានការច្បាស់លាស់ណាមួយនៅឡើយទេ៕