(ភ្នំពេញ)៖ ពលករខ្មែរ៤នាក់ ដែលត្រូវបានក្រុមចោរសមុទ្រសូម៉ាលី ចាប់បង្ខាំងទុកអស់រយៈពេលជិត៥ឆ្នាំនោះ នៅម៉ោងជាង១៤៖៣០នាទីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ កំពុងត្រូវបានជួបសំណេះសំណាលដោយ លោកស្រី ជូន ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅក្នុងទីស្នាក់ការរបស់អង្គការ Caritas រាជធានីភ្នំពេញ។
ជនរងគ្រោះទាំង៤នាក់នោះ រួមមាន៖ ទី១.ឈ្មោះ ញ៉ែម សុខសាន្ត រស់នៅភូមិដក់ពង ឃុំឃុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ទី២.ឈ្មោះ ឯម ភូម៉ានី រស់នៅភូមិត្រពាំងបី ឃុំផ្សារឆ្នាំង ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ទី៣.ឈ្មោះ ឃន វណ្ណធី រស់នៅភូមិសំរោង ឃុំបែកអន្លូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងទី៤ឈ្មោះ គីម គឹមហេង រស់នៅភូមិកញ្ជ្រាជ ឃុំកញ្ជ្រាជ ស្រុក ឆ្លូង ខេត្តក្រចេះ ដែលត្រូវបានបញ្ជូនត្រឡប់មកដល់កម្ពុជា នៅយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦។
សេចក្តីរាយការណ៍បានឱ្យដឹងថា បន្ទាប់ពីបញ្ជូនមកដល់ប្រទេសកម្ពុជានោះ ជនរងគ្រោះទាំង៤នាក់មិនទាន់បានត្រឡប់ទៅដល់ស្រុកកំណើតរបស់ពួកគេនៅឡើយទេ ហើយពួកគេ ត្រូវបានអង្គការសង្គមស៊ីវិលមួយចំនួន និងមន្រ្តីពាក់ព័ន្ធកម្ពុជា សាកសួរព័ត៌មានអំពីករណីរងគ្រោះនេះ និងផ្សះផ្សារផ្លូវចិត្តមួយចំនួន។
សូមបញ្ជាក់ថា ពលករដែលជាអ្នកនេសាទកម្ពុជាបួននាក់ខាងលើនេះ ត្រូវបានចាប់ជាចំណាប់ខ្មាំងដោយចោរសមុទ្រសូម៉ាលី កាលពីបួនឆ្នាំកន្លះមុន។ ពួកគេត្រូវបានដោះលែងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ហើយបញ្ជូនទៅកាន់ព្រលានយន្តហោះប្រទេសហ្វីលីពីន មុននឹងបញ្ជូនមកដល់ប្រទេសកម្ពុជា៕