(ភ្នំពេញ)៖ សាកលវិទ្យាល័យបញ្ញាសាស្រ្ត កម្ពុជា នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីចែកសញ្ញាបត្រ ជូនដល់និស្សិតរបស់ខ្លួន ប្រមាណ៧០៧នាក់ ដែលជានិស្សិតសិក្សាជំនាន់ទី៧ មានដូចជា ថ្នាក់បរិញ្ញាបត្ររង, បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិត។ ពិធីចែកសញ្ញាបត្រ ដល់និស្សិតជំនាន់ទី៧នេះ មានការចូលរួមជាអធិបតីភាព ពីសំណាក់សម្ដេចព្រះសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជណាចក្រកម្ពុជា, លោកបណ្ឌិត កុល ផេង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្ត ព្រមទាំងសាស្រ្តាចារ្យ និងនិស្សិតជាច្រើននាក់ទៀត។
ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រ នាព្រឹកមិញនេះ លោកបណ្ឌិត កុល ផេង បានកោតសរសើរលើកទឹកចិត្ត ដល់សិស្ស និស្សិតទាំងអស់ ដែលបានខិតខំប្រឹកប្រែងរៀនសូត្រ ក្រេបយកចំណេះដឹង រហូតទទួលបានផ្លែផ្កា ទទួលបានសញ្ញាបត្រនៅថ្ងៃនេះ។ ជាពិសេសក៏ដូចជាកោតសរសើរ ដល់សាស្រ្តាចារ្យ ទាំងជាតិ និងអន្តរជាតិ ដែលបានខិតខំយកចិត្តទុកដាក់ បង្ហាត់បង្រៀន ណែនាំ អស់ពីកម្លាំងកាយចិត្ត ដើម្បីឲ្យនិស្សិតទទួលបាននូវចំណេះដឹង ដ៏ពិតប្រាកដមួយ ក្លាយជាធនធានមនុស្ស ដ៏សំខាន់ សម្រាប់ចូលរួមកសាង ប្រទេសជាតិ។
លោក បណ្ឌិតបានបន្តទៀតថា សម្រាប់សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ចាប់តាំងពីបង្កើតក្នុងឆ្នាំ១៩៩៧មក គឺទទួលបាននូវការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់សិស្សនិស្សិត ដោយរហូតមកដល់សព្វថ្ងៃនេះ មានសិស្សនិស្សិតសិក្សា ប្រមាណ៧ជំនាន់រួចមកហើយ ដោយសារតែសាលា មានគ្រូជំនាញៗ ទាំងគ្រូភាសាខ្មែរ និងគ្រូបរទេស មានលក្ខណៈស្ដង់ដារសិក្សាត្រឹមត្រូវ អាចឲ្យនិស្សិត ទទួលបាននូវជំនាញមួយ យ៉ាងពិតប្រាកដ។
លោកបណ្ឌិតបន្ថែមថា ការទទួលបានសញ្ញាបត្រនៅថ្ងៃនេះ ជាសក្ខីមួយបញ្ជាក់ថា សិស្សនិស្សិត ពិតមានសមត្ថភាពពិតប្រាកដ ច្បាស់លាស់លើជំនាញនីមួយៗរបស់ខ្លួន ដោយអាចយកទៅប្រើប្រាស់ ក្នុងវិជ្ជាជីវៈរបស់ខ្លួន និងចូលរួមចំណែកកសាងប្រទេសជាតិ បានយ៉ាងត្រចះត្រចង់។
សូមបញ្ជាក់ថា និស្សិតដែលទទួលបានសញ្ញាបត្រ ក្នុងថ្ងៃនេះ មានចំនួន៧៩៧ នាក់ ក្នុងនោះថ្នាក់អនុបណ្ឌិត ចំនួន៩៨ នាក់ ថ្នាក់បរិញ្ញាបត្រ ចំនួន៦១៣នាក់ និងថ្នាក់បរិញ្ញាបត្រ រងចំនួន៩៥ នាក់ ក្នុងចំណោមនិស្សិត ដែលកំពុងសិក្សាប្រមាណ ១៨,២៥៧នាក់៕