(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតធំជម្រើសជាតិកម្ពុជា នឹងជួបប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិទល់នឹងម្ចាស់ផ្ទះសិង្ហបុរី (Singapore) នារាត្រីថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ ដើម្បីត្រៀមប្រកួតពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 ដូចគ្នា នេះបើយោងតាមលោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី១ ខែវិច្ឆិកានេះ។
ក្រុមដែលមានរហស្សនាមថា «គោព្រៃ» នោះបានចាប់ផ្ដើមប្រមូលផ្ដុំកីឡាករជាថ្មីនាថ្ងៃទី៣១ ខែតុលា នៅឯទីលានមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ខេត្តតាកែវ បន្ទាប់ពីប្រកាសរំសាយ១សប្ដាហ៍ ក្រោយយកឈ្នះគូប្រជែង ៣ប្រកួតជាប់គ្នាក្នុងនាមម្ចាស់ផ្ទះវគ្គជម្រុះបឋមនៃពានរង្វាន់ AFF Suzuki Cup 2016 កាលពីពេលថ្មីៗកន្លងទៅ។
លោក ខៀវ សាម៉េត បានបញ្ជាក់ថា «ការប្រមូលផ្ដុំហ្វឹកហាត់នេះ គឺធ្វើឡើង ដើម្បីត្រៀមប្រកួតសន្សំពិន្ទុក្នុងពូលនៃពាន AFF Suzuki Cup 2016 ខណៈក្រុមដែលកំពុងឈរនៅលេខ១៦៧ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោករបស់ FIFA ស្ថិតក្នុងពូល B ជាមួយក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ម៉ាឡេស៊ី និងវៀតណាម ដែលនឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះហើយ»។
កម្ពុជា ទើបតែយកឈ្នះសិង្ហបុរី ២-១ ក្នុងមិត្តភាពអន្តរជាតិនេះដូចគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ក្រោមក្រសែភ្នែក អ្នកចូលរួមទស្សនាផ្ទាល់ពេញស្តាតតែម្តង ប្រមាណជាង៥ម៉ឺននាក់ និងក្រោមដំណក់ទឹកភ្លៀងផងដែរនោះ ហើយក្រុម ក៏ដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ១៧១ ក្នុង FIFA Ranking សិង្ហបុរី ក៏ត្រៀមប្រកួតពាន AFF Suzuki Cup 2016 ផងដែរ ដោយស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះហ្វីលីពីន ឥណ្ឌូនេស៊ី និងក្រុមការពារតំណែងជើងឯកថៃ។
ជាការត្រៀមខ្លួននេះទៀតសោត ក្រុមជម្រើសជាតិកម្ពុជា នឹងមានការប្រកួតមិត្តភាពអន្ដរជាតិផ្លូវការមួយ មុននឹងចេញដំណើរទៅប្រទេសមីយ៉ាន់ម៉ា គឺត្រូវជួបក្រុមជម្រើសជាតិសិង្ហបុរី នៅថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខ ដើម្បីពង្រឹងសមត្ថភាពកីឡាករបន្ថែម ក៏ដូចជាជម្រុះកីឡាករ ៣នាក់ចេញ ទុក២៣នាក់ទៅប្រកួតប្រជែងដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពាន AFF Suzuki Cup 2016 ខាងលើផងដែរ ដែលគ្រោងនឹងចាកចេញពីកម្ពុជានៅថ្ងៃទី១១ ខែវិច្ឆិកាខាងមុខនេះ៕