(ព្រះវិហារ)៖ លោក ហ៊ួត ចាន់ថូ ទីប្រឹក្សាលោក ងួន ញិុល អនុប្រធានទី២នៃរដ្ឋសភា និងលោកស្រី កង សុមនា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នាំនូវគ្រឿងឧបភោគបរិភោគ ចែកជូនក្រុមគ្រួសារទីទ័លក្រប្រមាណ២៦០គ្រួសារ ស្ថិតក្នុងភូមិរំចេក ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ព្រមទាំងបានចុះពិនិត្យឃើញស្ថានភាព ជីវភាពការងារបង្ករបង្កើនផល ជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៅភូមិរំចេក ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក នុត សាលី ទីប្រឹក្សាក្រសួងមហាផ្ទៃ និងលោកស្រី ផៃ សុខឃឿម លោក រស់ ស៊ិនឡុង និងលោកស្រី លាង នាងស្រី តំណាងសប្បុរសជន ជាច្រើននាក់ផងដែរ។
តំណាងអាជ្ញាធរភូមិ បានឲ្យដឹងថា នៅក្នុងឃុំស្រយ៉ង់ ប្រជាជនភាគច្រើនជាជនជាតិ កួយ កំភួន ច្រើនប្រកបរបដើររកសត្វនៅក្នុងព្រៃ ដោយមូលហេតុភាពរាំងស្ងួត បានអូសបន្លាយពេលយូរ គ្នានភ្លៀងធ្លាក់សោះ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាកសិករ មានភាពលំបាក ខ្លះបានបែរទៅប្រកបមុខរបរផ្សេងដូចជា ធ្វើជាល កញ្ច្រែង កញ្ជើរ ដំដែក ម៉្យាងវិញទៀត ប្រជាជននៅក្នុងឃុំស្រយ៉ង់ ស្រុកគូលែន គឺស្ថិតក្រោម ការយកចិត្តទុកដាក់ផ្ទាល់ពីសំណាក់ លោក ហ៊ួត ចាន់ថូ និងលោកស្រី កង សុមនា ដែលតាំងពីដើមរៀង និងដែលត្រូវបានស្គាល់ជាស្រុកកំណើតស្ថិត នៅក្នុងរបបដ៍ខ្មៅងងឺត គឺរបបប៉ុលពត។
ក្នុងនោះដែរ លោក ហ៊ួត ចាន់ថូ បាននាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាល សម្ដេចទាំង២ តែងតែយកចិត្តទុកដាក់គិតគូរដោះស្រាយ រាល់ការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន និងជំរុញការងារអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យរីកចម្រើនលើគ្រប់វិស័យ។
លោក បានសង្កត់ធ្ងន់ថា «សង្គមយើងនាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ ធ្វើរឲ្យសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារល្អប្រសើរ ចាប់តាំងពីឆ្នាំ១៩៧៩ វិស័យព្រះពុទ្ធចក្រ មានការរីកលូតលាស់ មានទីអារ៉ាម ជាង៤,៦៧៦វត្ត និងព្រះសង្ឈជាង៥៧,០០០អង្គ សម្រាប់ប្រជាជនកម្ពុជាគោរព សាលារៀនមានដល់ថ្នាក់ឧត្តមសិក្សា ពុទ្ធិបឋមសិក្សាមាន៨៥០កន្លែង ពុទ្ធិមធ្យមសិក្សា៣៣កន្លែង ពុទ្ធិសកលវិទ្យាល័យមានចំនួន៣កនែ្លង ដោយឡែកហេដ្ឋារចនាសម្ព័ន ផ្លូវ ថ្នល់ ស្ពាន ផ្លូវរទេះភ្លើង មួយចំនួនបានកំពុងពង្រឹង និងកែលំអរជាបន្តបន្ទាប់»។
បន្ថែមពីនេះ លោក បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ការអនុវត្តន៍ច្បាប់ចរាចរណ៍ ឈានឆ្ពោះទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺផ្តើមចេញពីការកាត់បន្ថយការបរិភោគ គ្រឿងស្រវឹង និងសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ច លុបបំបាត់គ្រឿងស្រវឹង គ្រឿងញៀន ដែលជាភាពអសកម្មនៅក្នុងភូមិ-ឃុំ ដូចជានៅក្នុងសង្គម ជាពិសេសជះឥទ្ធិពលយ៉ាងខ្លាំង នៅក្នុងស្រទាប់យុវវ័យ។
សូមបញ្ជាក់ថា ក្នុងឱកាសនោះ លោក ហ៊ួត ចាន់ថូ និងលោកស្រី កង សុមនា និងលោក នុត សាលី លោក រស់ ស៊ិនឡុង និងលោកស្រី លាងនាងស្រី លោក ប៉ុល សុភាវុធ និងលោកស្រី ថូ មនាសម្ភស្ស លោក ណៃ ថា បានចែកជូននូវអំណោយរួមមាន ក្មេង៣០០នាក់ ទទួលបាន សៀវភៅ២ក្បាល ប៊ិច១ដើម ថវិកា២,០០០រៀល និងប្រជាពលរដ្ឋប្រមាណ២៦០គ្រួសារ បានទទួលអំណោយជាប្រហុក ក្រោមការឧបត្ថម្ភ ពីលោក ឡូង ហ៊ឹង ក្នុងម្នាក់ៗទទួលបានអាវ ប្រតិទិន និងថវិកា១ម៉ឺនរៀល ដោយឡែក លោក ហ៊ួត ចាន់ថូ និងលោកស្រី កង សុមនា បានឧបត្ថម្ភថវិកាចំនួន២លានរៀល ដល់គ្រួសារ ឈ្មោះ គង់ មួន ដើម្បីយកផ្ទះវិញពី មីក្រូហិរញវត្ថុMK និងឧបត្ថម្ភ២លានរៀល ដល់គ្រួសារ ឯម ណៃ សម្រាប់ទិញគោចិញ្ចឹម៕