(កំពង់ចាម)៖ លោក ជ្រុន ថេរ៉ាវ៉ាត និងលោក ហេង ណន ក្រុមការងារជនបង្គោលយុវជន ស្រុកព្រៃឈរ បានធ្វើការជំរុញឲ្យសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្របន្ថែមទៀត ដើម្បីប្រឡងជាប់ និងទទួលបាននិទ្ទេសA នៅឆ្នាំក្រោយៗទៀត។
ការជំរុញបែបនេះ ត្រូវបានធ្វើឡើង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នាវិទ្យាល័យល្វា ក្នុងឱកាសពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៦-២០១៧។ ក្នុងពិធីនេះ ក៏មានការចូលរួមពីសិស្សានុសិស្សចំនួន ១,០២៤នាក់ លោកគ្រូ អ្នកគ្រូ ៦៦នាក់ លោកគ្រូចូលនិវត្តន៍ ៥នាក់ តំណាងមាតាបិតាសិស្ស យុវជន ស.ស.យ.ក និងថ្នាក់ដឹកនាំ សាលាស្រុកព្រៃឈរផងដែរ ជាច្រើននាក់ផងដែរ។
បន្ទាប់ពីបានអាន នូវសន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា លោក ហេង ណន បានសម្ដែងនូវការកោតសរសើរ ពីភាពរីកចម្រើនរបស់វិទ្យាល័យល្វា ដោយសង្កេត ឃើញពីកំណើននៃអត្រា សិស្ស ប្រលងជាប់បាក់ឌុបឆ្នាំនេះ មានការកើនឡើងច្រើនជាងឆ្នាំមុន ព្រមទាំងលើក ទឹកចិត្ត សូមឱ្យសិស្សានុសិស្សទាំងអស់ យកចិត្តទុកដាក់ខិតខំរៀនសូត្របន្ថែមទៀត ធ្វើយ៉ាងណាឲ្យ វិទ្យាល័យល្វា មានសិស្សប្រឡងជាប់និទ្ទេស A នៅឆ្នាំក្រោយ។
លោក ក៏បានបញ្ជាក់ថា សម្រាប់ឆ្នាំនេះស្រុកព្រៃឈរមាន សិស្សប្រឡងជាប់បាក់ឌុប ទទួលបាននិទ្ទេស A ចំនួន៣នាក់ និងបានទទួលរង្វាន់លើកទឹកចិត្តពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកព្រៃឈរ នូវម៉ូតូហុងដា ម៉ាក WAVE ម្នាក់ ១គ្រឿងផងដែរ។
ជាមួយគ្នានោះ លោក ជ្រុន ថេរ៉ាវ៉ាត ក៏បានលើកឡើង ពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាល ធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធិភាពតាមរយៈការ ធ្វើកំណែទម្រង់ស៊ីជម្រៅ លើវិស័យអប់រំនេះ និងបានផ្តាំផ្ញើសូមឲ្យសិស្សានុសិស្ស ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង ខិតខំ ធ្វើឲ្យខ្លួនឯងក្លាយទៅជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ដែលប្រកបដោយ ថាមពល និងសក្តានុពល ដើម្បីចូលរួម ចំណែកអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានភាពរីកច ម្រើនបន្ថែមទៀត ទៅថ្ងៃអនាគត។
បន្ថែមពីនេះ ក្រុមការងារក៏បានចែកនូវ បណ្ណ័សរសើរ សម្ភារៈសិក្សា ព្រមទាំងថវិកា មួយចំនួនជូនដល់ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស ផងដែរ៕