(ភ្នំពេញ)៖ មន្ត្រីកាំកុងត្រូលផែស្ងួតចុងទីសាខារាជធានីភ្នំពេញ សហការជាមួយមន្ត្រី មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរ គណៈកម្មាការផ្សារដើមគរ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចុះមកពិនិត្យ លើគុណភាព ផ្អក ប្រហុក នៅក្នុងតូបលក់ក្នុងផ្សារដើមគរ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដោយសង្ស័យមានលាយលំ ជាមួយសារជាតិមិនប្រក្រតីមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ពេលទិញយកទៅទទួលទាន។
ប្រតិបត្តិការនេះ ដឹកនាំពីលោក គង់ វុទ្ធី អនុប្រធាសាខាកាំកុងត្រូលផែស្ងួតចុងទីរាជធានីភ្នំពេញ និងដោយមានការណែនាំពី លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស និងលោក ពេញ ភារម្យ ប្រធានសាខាផែស្ងួតចុងរាជធានីភ្នំពេញ។
លោក គង់ វុទ្ធី ឲ្យដឹងថា ការចុះត្រួតពិនិត្យមើលនៅពេលនេះ ក្នុងគោលដៅត្រួតពិនិត្រលើគុណភាព សរសៃគុយទាវតូច សរសៃគុយទាវធំ មីក្រៀម មីស្រស់ ប្រហិតប្រហុក ប្រអក នឹង សាច់គោ ប្រហិតសាច់ជ្រូក លតឆា គ្រឿងសមុទ្រដូចជា មឹកស្រស់ បង្គាស្រស់ បន្លែ ផ្លែឈើស្រស់ ជាពិសេសប្រអក នឹងប្រហុក ដែលមានលាយលំ ម្សៅស និងទឹកអន្សា (Borax) ដែលសារជាតិទាំងនេះ ពេលលាយលំចូលធ្វើឲ្យប៉ះពាល់ដល់សិរីរាង្គកាយមួយចំនួនធំ នៅក្នុងប្រព័ន្ធផ្នែកខាងក្នុង នៃសារពាង្គកាយមនុស្សម្នាក់ៗ ដូចជា ក្រពះ ក្រលែន និងលំពែងជាដើម ពិសេសប្រសិនបើទទួលទានសារជាតិទាំងនេះលើសពី ៥ក្រាមឡើងទៅ នឹងអាចបណ្តាលឲ្យ ក្អួតឈាម ស្លាប់បានក្នុងពេលដ៏ខ្លី។
លោក គង់ វុទ្ធី បន្តថា សារជាតិម្សៅស ដែលភាសាបច្ចេកទេសហៅថា សូល្យូមសូលហ្វីត មានមានតួនាទីធ្វើឲ្យប្អក ប្រហុក អាចសល្អ មើលទៅសស្រស់ ដោយឡែកសារជាតិ Borax មានតួនាទីរក្សាស្ថានភាពដើម ប្អក និងប្រហុក ល្អបានយូរ ដែលសារជាតិទាំង២នេះ ប៉ះពាល់ធ្ងន់ធ្ងរណាស់ ដល់សុខភាពពលរដ្ឋ។
លោក បញ្ជាក់ថា ក្នុងនាមជាមន្ត្រីពាក់ព័ន្ធ នាឱកាសបុណ្យអុំទូក អកអំបុក និងបណ្តែតប្រទីត ដែលជិតនឹងខិតចូលមកដល់នៅពេលខាងមុខនេះ លោកសុំធ្វើការអំពាវនាវ អោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលប្រកបរបររកស៊ីលក់ដូរនូវទំនិញ អ៊ីវ៉ាន់ ក៏ដូចជាម្ហូមអាហារហូបចុកជាដើម សូមបញ្ឈប់រាល់នូវសកម្មភាពលក់ដូរទំនិញ ដែលមានលាយលំនូវសារជាតិ ដែលច្បាប់បានហាមឃាត់ ពិសេសសារជាតិ (Borax) ដែលវាអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព សុំបងប្អូនមេត្តាបញ្ឈប់សកម្មភាពនេះបន្ទាន់ ជៀសវៀងការលក់ដូរដើម្បី បំពេញតែផលចំណេញផ្ទាល់ខ្លួន ហើយបែរជាត្រឡប់មកបំផ្លាញសុខភាព របស់ពលរដ្ឋទូទៅនៅក្នុងប្រទេសនោះទេ ប៉ុន្តែប្រសិនបើបងប្អូនចង់បន្តលក់ដូចធម្មតា សូមមេត្តាដាក់លក់នូវទំនិញណា ដែលមិនមានលាយលំនូវសារជាតិគីមីផ្សេងៗ ពិសេសសារជាតិទាំង២ខាងលើ ដែលច្បាប់បានហាមឃាត់៕