(ព្រះវិហារ)៖ លេខាធិការដ្ឋាន អនុគណៈកម្មការសុវត្ថិភា ពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្តីអំពាវនាវចំនួន១០ចំណុច ស្តីពីការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
យោងសេចក្តីអំពាវនាវរបស់លេខាធិការដ្ឋាន អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្តព្រះវិហារ ដែលចុះហត្ថលេខាដោយលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងជាប្រធានលេខាធិការដ្ឋាន អនុគណៈកម្មការសុវត្ថិភាព ចរាចរណ៍ ផ្លូវគោកខេត្ត បានបញ្ជាក់ថា បច្ចុប្បន្ននេះគ្រោះថ្នាក់ចរាចរ៍ផ្លូវគោក នៅតែជាបញ្ហាប្រឈមសំខាន់ ដែលអាចកើតឡើងជាយថាហេតុ បណ្តាលឱ្យរងរបួស និងបាត់បង់ជីវិត បើសិនជាអ្នកប្រើប្រាស់ផ្លូវមិនមានការប្រុងប្រយ័ត្នខ្ពស់។
ពិសេសនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ ឆាប់ៗខាងមុខនេះ យានយន្តធ្វើចរាចរណ៍នៅលើដងផ្លូវសាធារណៈនឹងមានការកើនឡើងខុសប្រក្រតី ដែលអាចនឹងបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗកើតឡើងជាយថាហេតុ ដូចក្នុងពិធីបុណ្យនានាកន្លងទៅផងដែរ។
ដូចនេះដើម្បី បង្ការ និងទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសនេះ លេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត សូមធ្វើការអំពាវនាវដល់សាធារណជនដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ យកចិត្តទុកដាក់អោយបានខ្ពស់ និងចូលរួមអនុវត្តតាមវិធានការ ដូចខាងក្រោម៖
*១. មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត
*២. មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀនដាច់ខាត
*៣. មិនត្រូវបត់ ឬជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង
*៤. ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច
*៥. មិនត្រូវបើកបរស្ថិតក្រោមស្ថានភាពងងុយដេកដាច់ខាត
*៦. ត្រូវពាក់មួកសុវត្ថិភាពជានិច្ច នៅពេលបើកបរទោចក្រយានយន្ត (ទាំងអ្នកបើកបរ និងអ្នករួមដំណើរ)
*៧. ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច នៅពេលបើកបរយានយន្ត (ទាំងអ្នកបើកបរ និងអ្នករួមដំណើរ)
៨. ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច
*៩. មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់
*១០. ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ៕