(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានលើកឡើងថា ពេលនេះ លោកមិនចង់ឃើញ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ លើកឡើងតែពីបញ្ហានោះទេ ប៉ុន្តែលោកចង់ឱ្យថ្នាក់ដឹកនាំបក្សនេះ បង្ហាញពីដំណោះស្រាយ បញ្ហាជាតិ និងបញ្ហារបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈគោលនយោបាយមួយ។
ការលើកឡើងរបស់ លោក កឹម សុខា បានធ្វើឡើងនៅក្នុងឱកាសបើកកិច្ចប្រជុំគណៈកម្មាធិការនាយករបស់ គណបក្សសង្រ្គោះជាតិដើម្បីពិនិត្យពិភាក្សា និងសម្រេច លើ «សេចក្ដីព្រាងបច្ចុប្បន្នភាព កម្មវិធីនយោបាយ គណបក្សសង្គ្រោះជាតិ» សម្រាប់ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ -សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដឆ្នាំ ២០១៨ នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
នៅលើបណ្តាញសង្គម Facebook លោក កឹម សុខា បានសរសេរយ៉ាងដូច្នេះថា «គណបក្សសង្គ្រោះជាតិយើង ជាគណបក្សចាស់ទុំខាងនយោបាយ និងជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការដឹកនាំប្រទេសនៅពេលអនាគត។ ដូច្នេះខ្ញុំមិនចង់ឃើញថ្នាក់ដឹកនាំយើង គ្រាន់តែលើកពីបញ្ហាដែលកើតមាននោះទេ ផ្ទុយទៅវិញខ្ញុំចង់ឃើញថ្នាក់ដឹកនាំយើងគ្រប់លំដាប់ថ្នាក់ បង្ហាញពីដំណោះស្រាយបញ្ហាជាតិ និងបញ្ហារបស់ប្រជាពលរដ្ឋខ្មែរយើង តាមរយៈគោលនយោបាយរបស់យើងនេះ»។
លោក កឹម សុខា ក៏បានមានសំណូមពរឲ្យថ្នាក់ដឹកនាំ ក៏ដូចជាឃោសនិករបស់គណបក្សសង្គ្រោះជាតិ នៅពេលធ្វើសេចក្ដីថ្លែងការណ៍នយោបាយ ឬ ក៏យុទ្ធនាការឃោសនាបោះឆ្នោត ត្រូវផ្ដោតលើ កម្មវិធីនយោបាយ ដែលមានគោលនយោបាយលើវិស័យនីមួយៗនេះទៅបង្ហាញសាធារណជន ជាពិសេសប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត ក្នុងការប្រកួតប្រជែងជាមួយគណបក្សដទៃទៀត៕