(កំពង់ចាម)៖ កាយវិការ ព្រួយបារម្ភ និងការយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខកងកម្លាំង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី ឈាង ស្រីនាថ ប្រធានកិត្តិយសអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម មិនបណ្ដោយឲ្យកងកម្លាំង មានភាពឯកាឡើយ។

ជាក់ស្ដែង នៅព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោកស្រី ឈាង ស្រីនាថ ប្រធានកិត្តិយសអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងសហការី អញ្ជើញចុះសាកសួរសុខទុក្ខមន្រ្តីនគរបាលជាតិ ដែលមានជំងឺប្រចាំកាយ កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន នាឱកាសមុនចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុននេះ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ និងលោកស្រី ប្រធានកិត្តិយសអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក៏បានឧបត្ថម្ភ ថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់កងកម្លាំងដែលមានជំងឺ ចំនួន៨នាក់ ស្រីម្នាក់ ដែលជាមន្រ្តីនគរបាលជាតិ បម្រើការងារនៅតាមបណ្ដាការិយាល័យជំនាញ និងនៅតាមអធិការដ្ឋាននគរបាលស្រុក ក្នុងនោះមានស្រុកព្រៃឈរ ៣នាក់, ស្រុកកំពង់សៀម ម្នាក់, ស្រុកស្ទឹងត្រង់ ម្នាក់, ស្រុកចំការលើ ម្នាក់, ស្រុកជើងព្រៃ ម្នាក់ និងក្រុងកំពង់ចាម ម្នាក់ ដោយសរុបជាថវិកាចំនួន៤,៤៣២,០០០រៀល។

ជាមួយនឹងការចូលរួមរំលែកភាពលំបាករបស់បងប្អូនកងកម្លាំងដែលកំពុងមានជំងឺ លោកឧត្តមសេនីយ៍ស្នងការ និងលោកស្រី ក៏បានផ្ដាំផ្ញើ និងណែនាំឲ្យមានការត្រួតពិនិត្យ និងតាមដានសុខភាពជាប់ជាប្រចាំ មិនត្រូវធ្វេសប្រហែស និងបានលើកទឹកចិត្ត ឲ្យជំនះនឹងជំងឺទាំងអស់នេះ ដើម្បីវិលត្រលប់មកមានសុខភាពល្អប្រសើរឡើងវិញ។

លោកឧត្តមសេនីយ៍ស្នងការ បានបន្ថែមទៀតថា បើទោះបីជា ការងារក្នុងអង្គភាពរវល់យ៉ាងណាក៏ដោយ តែសុខទុក្ខ និងការលំបាករបស់កងកម្លាំងពិតជាសំខាន់ ដែលមិនអាចមើលរំលងបាន នៅពេលមានសុខចូលរួមសុខ ពេលមានទុក្ខលំបាក ក៏ត្រូវចូលរួមចែករំលែកគ្នាដោយក្ដីស្រឡាញ់ ហើយមិនត្រូវបណ្ដោយឲ្យកងកម្លាំងរបស់យើងរស់រងភាពឯកាបានឡើយ៕