(កំពង់ឆ្នាំង)៖ លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនអង្គភាព កងពលតូចអន្តរាគមន៍លេខ១ ឈរជើងក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីជាការដឹងគុណ និងលើកទឹកចិត្ត ចំពោះវិរៈយុទ្ធឈរជើងការពារមាតុភូមិ និងសេចក្ដីសុខសាន្តជូនប្រជាជនកម្ពុជា ក្នុងឱកាសចូលឆ្នាំខ្មែរ។
ការពាំនាំយកអំណោយជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ១ របស់ មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ធ្វើឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។
លោក យឹម លាត បានថ្លែងប្ដេជ្ញាថា នឹងបន្តថែរក្សានូវប្រពៃដ៏ល្អ ពីថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា និងររៀមច្បងមុនៗ ជាមួយអង្គភាពកងពលតូចអន្តរាគមន៍លេខ១ ដែលជាអង្គភាពសម្ពន្ធ័មេត្រីភាពរបស់ខ្លួន ឲ្យកាន់តែជិតស្និទ្ធថែមទៀត។
លោកបានបន្ដថា ក្នុងនាមលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្នាក់ដឹកនាំមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា ពិតជាដឹងគុណ និងកោតសរសើរខ្ពស់ ចំពោះពលីកម្មដ៏ធំធេងរបស់វិរះយុទ្ធជនយើងទាំងអស់ ដែលមិនត្រឹមមានទឹកចិត្តអង់អាចក្លាហាន ក្នុងការការទឹកដីប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈបេសកកម្មនេះ បានបន្សល់ស្នាដៃនូងកេរ្តិ៍ឈ្មោះល្អ ដល់អ្នកជំនាន់ក្រោយៗ សម្រាប់រៀនសូត្រនឹងយកគំរូថែមទៀតផង។
ជាការថ្លែងអំណរគុណ ក្នុងឋានះជាអង្គភាពសម្ពន្ធ័មេត្រីភាព បានជារាល់ពិធីបុណ្យជាតិ និងបុណ្យប្រពៃណីខ្មែរ គឺតែងតែបានចុះមកជួបជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០០៦ មកទាំងនៅទីបញ្ជការរបស់កងពលនៅលង្វែក និងទាំងនៅទីបញ្ជាការជួរមុខទិសអូរតាថាវ តំបន់ប្រាសាទព្រះវិហារ គឺតែងតែបានផ្សាភ្ជាប់មនោសញ្ចេតនា ឧបត្ថម្ភគាំទ្រ និងចុះជួបសាកសួរសុខទុក្ខ ជាបន្តបន្ទាប់ពិសេស ក្នុងអំឡុងពេលបុណ្យទានដូចបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំប្រពៃណីខ្មែរជាដើម។
ក្នុងឱកាសនោះលោក យឹម លាត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក ជា សិរី ទេសាភិបាល ជូនចំពោះកងពលតូចអន្តរាគមន៍លេខ១ទាំងអស់ ដែលជានិច្ចកាលលោកជំទាវតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរបស់បងប្អូនជាយោធិនយើងជានិច្ច។
លោក យឹម លាត បានកោតសរសើរដល់មេបញ្ជាការ មេបញ្ញាការរង នាយទាហាន នាយទាហានរង និងពលទាហានអង្គភាព កងពលតូចអន្តរាគមន៍លេខ១ទាំងអស់ ដែលកន្លងមកបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី និងប្រជាជនបានរស់នៅដោយសុខក្សេមក្សាន្ត។
លោកបានបញ្ជាក់ថា ការចងសម្ព័ន្ធមេត្រីភាពរវាងស្ថាប័ន អង្គភាពស៊ីវិល និងកងទ័ព មានអត្ថន័យធំធេងណាស់ហើយក៏ស្របតាមបំណង ប្រាថ្នារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ព្រោះបានបង្ហាញឲ្យឃើញ នូវស្មារតីសាមគ្គីភាព មនោសញ្ចេតនា និងដើម្បីជួយគ្នាទៅវិញទៅមកហើយជាប្រពៃណីដ៏ល្អមួយ រវាងសមរភូមិមុខនិងសមរភូមិក្រោយ។
សូមជម្រាបថា អំណោយរបស់ធនាគារជាតិនៃកម្ពុជាដែលនាំយកទៅប្រគល់ជូន កងពលតូចអន្តរាគមន៍លេខ១នាពេលនោះរួមមាន ថវិកាចំនួន១២លានរៀល ,ទឹកសុទ្ធ១០០ កេសទឹកផ្លែឈើនិងទឹកក្រូច១០០កេស,ស្រាបៀ១០០កេសរួមនឹងនំធុង និងស្ករគ្រាប់មួយចំនួនទៀតផងដែរ៕