(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញចូលរួម ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០១៦-២០១៧ ។
ជាកិច្ចចាប់ផ្តើមលោកអភិបាលខណ្ឌ ក៏បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំថ្មីនេះផងដែរ និងបានធ្វើការសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ព្រមទាំងបានចែករង្វាន់ដល់សិស្សានុសិស្ស។
លោកអភិបាលក៏បានផ្តល់ប័ណ្ណសរសើរដល់សិស្ស ដែលទទួលបាននិទេសល្អគ្រប់ៗគ្នា និងបានឧត្ថម្ភថវិកាចំនួន១,០០០,០០០រៀល ទៅដល់គណៈនាយកគ្រប់គ្រងសាលាផងដែរ។
លោកក៏បានប្រគល់បាច់ផ្កា និងថវិកា ទៅដល់លោកនាយក លោកគ្រូ អ្នកគ្រូដែលចូលនិវត្តន៍ និងប្រគល់ប័ណ្ណសរសើរទៅដល់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តក្នុងការបណ្តុះបណ្តាល សិស្សប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងបានប្រគល់រង្វាន់ដល់សិស្ស ដែលជាក្រុមប្រឹក្សាយុវជន សិស្សពូកែដែលជាប់ចំណាត់ថ្នាក់ទាំងអស់គ្នាផងដែរ៕