Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមប្រឆាំងក្រៅប្រទេស ប្រជុំបញ្ឈប់ការផ្តល់ប្រាក់ឧបត្ថម្ភដល់សមាជិករបស់ខ្លួនទាំងអស់ដែលភៀសខ្លួនក្នុងប្រទេសថៃ ដោយសារតែការផ្តាច់ជំនួយពីគ្រប់ភាគី (Video inside)

07-04-2025 17:51

(ថៃ)៖ ក្រុមប្រឆាំងក្រៅច្បាប់ បានបើកកិច្ចប្រជុំមួយ នៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ ដោយសម្រេចបញ្ឈប់រាល់ការផ្តល់ប្រាក់ឧបត្ថម្ភដល់សមាជិករបស់ខ្លួនទាំងអស់​ ដែលភៀសខ្លួនក្នុងប្រទេសថៃ ដោយសារក្រុមរបស់ខ្លួនរងការផ្តាច់ជំនួយពីគ្រប់ភាគី បន្ទាប់ពីមានវិធានការរបស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់ លោគ ដូណាល់ ត្រាំ។

កិច្ចប្រជុំបញ្ឈប់ការផ្តល់ប្រាក់ឧបត្ថម្ភនេះ ដឹកនាំដោយ លោក ឆាំ ឆានី ប្រធានសាខាគណបក្សសង្គ្រោះជាតិប្រចាំប្រទេសណ័រវ៉េ និង លោកស្រី ទិត្យ គឹមហ៊ុន ប្រធានចលនាស្ត្រីគណបក្សសង្គ្រោះជាតិសហរដ្ឋអាមេរិក ដោយមានការចូលរួមពី សមាជិកក្រុមប្រឆាំងដែលភៀសខ្លួន នៅក្នុងប្រទេសថៃចំនួន២៨នាក់ក្នុងចំណោម៤១នាក់ បន្ទាប់ពីក្រុមទាំងនោះបានខកខានបើកថវិការបស់ពួកគេ៤ខែមកនេះ។

តាមសារបែកធ្លាយពីកិច្ចប្រជុំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺក្នុងកិច្ចប្រជុំនោះ លោក ឆាំ ឆានី ប្រធានសាខាគណបក្សសង្គ្រោះជាតិប្រចាំប្រទេសណ័រវ៉េ បានអះអាងថា លោកពិតជាយល់ពីទំហំចិត្តនឹកក្រុមគ្រួសារ និងស្រុកកំណេីតរបស់សមាជិកទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខ ដែលមិនមានថវិកាសម្រាប់ចំណាយផ្សេងៗ។ លោកបង្ហាញការព្រួយបារម្ភអំពីសុវត្ថិភាពរបស់សមាជិករបស់ខ្លួននៅប្រទេសថៃទាំងអស់ ក្រោយ លោក ថាក់សុីន បានថ្លែងសារថា «ភាពល្អក់កករ រវាងកម្ពុជា និងថៃ ផ្តើមចេញពីការញុះញង់របស់ក្រុមប្រឆាំង»

ចំណែក លោកស្រី ទិត្យ គឹមហ៊ុន ប្រធានចលនាស្ត្រីគណបក្សសង្គ្រោះជាតិសហរដ្ឋអាមេរិក ក៏បានបង្ហាញការព្រួយបារម្ភផងដែរ ដោយប្រៀបធៀបថា នៅពេលមានបញ្ហាអ្វីមួយ ពលករដែលអាចរួចខ្លួន គឺជាពលករដែលមានឯកសារស្របច្បាប់ ដែលខុសពីជនភៀសខ្លួន ពាក់ព័ន្ធនឹងសុវត្ថិភាព គឺពឹងផ្អែកទាំងស្រុងទៅលេីអង្គការក្នុងនោះផងដែរ អង្គការដៃគូដែលតែងជួយដល់ជនភៀសខ្លួន កំពុងរងវិបត្តិផងដែរ រហូតដល់កាត់បន្ថយបុគ្គលិកជាច្រេីន។ លោកស្រីលេីកឡេីងថា ការតម្លើងពន្ធនៅសហរដ្ឋអាមេរិក ពិតជាប៉ះពាល់យ៉ាងខ្លាំងដល់ជនភៀសខ្លួន (បាត់ជំនួយ)។ ជាមួយគ្នានេះ លោកស្រីបានណែនាំឲ្យសមាជិកខ្លួនទាំងអស់ អត់ធ្មត់ ប្រុងប្រយ័ត្ន រៀនរស់នៅជាមួយស្ថានភាពបច្ចុប្បន្ន ពិសេសកុំបង្កបញ្ហាណាមួយ ចៀសវាងរងការចាប់ខ្លួនរួចបញ្ជូនទៅប្រទេសកម្ពុជាវិញ។ លោកស្រីក៏បានបញ្ជាក់ដែរថា ចំពោះការខកខានបេីកប្រាក់ឧបត្ថម្ភប្រចាំខែ(ចំនួន០៤ខែ) ដោយហេតុខ្វះខាតថវិកា (រងការផ្តាច់ជំនួយ) ពុំមែនជាការកេងប្រវ័ញ្ចរវាងសមាជិកណាម្នាក់ឡេីយ។

លោក លី ម៉េង ប្រធានគណបក្សភ្លេីងទៀនខេត្តកណ្តាល បានអះអាងថា ថវិកាដែលរៃអង្គាសពីសប្បុរសជន និងជំនួយរបស់អង្គការដៃគូ គឺបានប្រគល់ជាប្រចាំខែដល់ជនភៀសខ្លួនទាំងអស់។ លោកមានការអស់សង្ឃឹមជាខ្លាំង ក្រោយរងការចោទប្រកាន់ថា ខ្លួន (លី ម៉េង), ខឹម មុនីកុសល និងលឹម សុខា បានកឹបកេងថវិកា របស់ក្រុមការងារ ទាំងដែលខ្លួនបានលះបង់ និងតស៊ូគ្រប់យ៉ាងដេីម្បីភាពសុខដុមរមនារបស់ជនភៀសខ្លួនទាំងអស់៕