(កំពង់ឆ្នាំង)៖ «បឹងបណ្តាញ» គឺជាបឹងមួយស្ថិតនៅក្នុងភូមិសាស្ត្រឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ បឹងដែលស្ថិតនៅក្នុងភូមិចំបក់ខ្ពស់ និងភូមិក្នុងមួយនេះ ធ្លាប់បានផ្តល់ប្រភពទឹកធម្មជាតិ និងមច្ឆជាតិដ៏សម្បូរបែប ដល់ប្រជាពលរដ្ឋក្នុងតំបន់ អាស្រ័យជីវិតដោយភាពរីករាយតាំងពីដើមរៀងមក។

ភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋទាំងប៉ុន្មាន បានក្លាយជាភាពសោកសង្រេងវិញ នៅក្រោយពេលដែលបឹងដ៏ល្អផូរផង់មួយនេះ បែរជាត្រូវបានលក់-ដូរ ឲ្យឈ្មួញកាន់កាប់។ ក្តីទុក្ខសោកនោះគឺប្រជាពលរដ្ឋមិនអាចទៅប៉ះបឹងនេះ បានទៀតហើយ ពោលគឺសូម្បីតែការរាវខ្យង-ខ្ចៅ និងម្យ៉ាងទៀត ឈ្មួញបានបូមទឹកបឹង ដើម្បីចាប់ត្រី មុនការច្រូតកាត់ ធ្វើឲ្យខូចដំណាំស្រូវនៅក្នុងស្រែ នាខែប្រាំងក្តៅហួតហែងបែបនេះ។

រដ្ឋបាលឃុំស្វាយរំពារ តាមរយៈលិខិតចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថា «បឹងបណ្តាញ» ពិតជាបានដោះដូរឈ្មួញមែនក្នុងតម្លៃ ៧លានរៀល។ ប៉ុន្តែរដ្ឋបាលឃុំបានបកស្រាយថា ការដោះដូរ «បឹងបណ្តាញ» គឺដើម្បីយក លុយសងថ្លៃដី ចំនួន ១៦៥ឡាន ដែលជំពាក់ថ្លៃជួសជុលទំនប់នៅឆ្នាំ២០២៤។ ​

លោកស្រី សូវ ញឹប បានជួលដីគេធ្វើស្រែក្បែរ «បឹងបណ្តាញ» ជាង ២ហិកតា ដោយក្នុង ១ហិកតា តម្លៃ ១លានរៀល។ នៅឆ្នាំមុន ស្ត្រីអាយុ ៦០ឆ្នាំ បានខាតបង់ទាំងថ្លៃជួលដី ជី ប្រេង និងការថែទាំងផ្សេងៗ ដល់ទៅប្រមាណ ៥លានរៀល ព្រោះតែស្រូវស្វិត គ្មានទឹកប្រើប្រាស់ ដោយសារឈ្មួញបានបូមទឹកបឹង មុនស្រូវទុំទៅទៀត។

លោកស្រី សូវ ញឹប មានស្វាមីជាមនុស្សស្លាប់មួយចំហៀងខ្លួន មិនអាចធ្វើការងារអ្វីបានឡើយ។ លោកស្រីថា គាត់គឺជាប្រជាពលរដ្ឋក្រីក្រលំបាក បែរជាត្រូវជួបបញ្ហាធ្វើស្រែទៀត។ និយាយបណ្តើរញ័រមាត់បណ្តើរ លោកស្រី សូវ ញឹប បានអះអាងថា អាជ្ញាធរតែងតែគំរាមកំហែងប្រជាពលរដ្ឋ នៅពេលនិយាយពីរឿងមិនល្អនៅក្នុងមូលដ្ឋាន។

ចំណុចទី៣ ក្នុងកិច្ចសន្យាព្រមព្រៀងចុះហត្ថលេខាដោយមេឃុំស្វាយរំពារ និងអ្នកទិញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា អាចឲ្យប្រជាពលរដ្ឋដាក់មង ៣ហ៊ុន សម្រាប់យកត្រីបរិភោគលក្ខណៈគ្រួសារបាន តែជាក់ស្តែង ពួកគាត់មិនអាចចូលនេសាទ ដាក់មង និងដាក់លបបានឡើយ សូម្បីតែចូលរើសខ្យង ចងសន្ទួច ក៏មិនបានដែរ។

តាមពិតទៅ «បឹងបណ្តាញ» ក៏ធ្លាប់ត្រូវបានលក់ នៅឆ្នាំ២០២៣-២០២៤ ផងដែរ។ នេះបើតាមលិខិតស្នើសុំការអន្តរាគមន៍ទៅអភិបាលខេត្តកំពង់ឆ្នាំង ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ ក្នុងលិខិត បានបញ្ជាក់ថា នៅឆ្នាំនោះ ពេលពលរដ្ឋអត់ទឹក ត្រូវទិញពីគេចាក់ចូលស្រែក្នុងមួយហិកតា ២៥ម៉ឺនរៀល។

ប្រជាពលរដ្ឋម្នាក់ទៀត គឺលោក អេ ឈាង បានប្រមូលផលស្រូវរួចហើយ និងលក់ស្រូវបានតែ ៦៨០រៀល ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ហើយលោកត្រូវជំពាក់លុយគេដល់ទៅ ១លានរៀលទៀតឯណោះ។ លោកបន្តថា សំណាងហើយដែលលោកធ្វើស្រូវនៅផ្នែកខាងលើ តែបើសិនធ្វើផ្នែកខាងក្រោមដូចគេ ច្បាស់ជាខូចស្រូវ ហើយបើសិនជាត្រូវទិញទឹកគេទៀត ច្បាស់ជាកាន់តែខាតបង់ធំមិនខាន។

បុរសអាយុ ៦៤ឆ្នាំ បានលើកឡើងថា ក្នុងនាមជាប្រជាពលរដ្ឋរស់នៅក្នុងភូមិក្នុងមួយរូបដែរ លោកមិនបានដឹងថា «បឹងបណ្តាញ» ត្រូវបានលក់ហើយនោះទេ ព្រោះមិនដែលឃើញកំណត់ហេតុដេញថ្លៃជាសាធារណៈឡើយ។ លោកមិនចង់ឲ្យមានការលក់-ដូរបឹងនេះទៀតទេ ព្រោះវានាំឲ្យលំបាកដល់ការបូមទឹកដាក់ស្រែ និងរកត្រីទទួលទាន។

នៅឆ្នាំ២០២២-២០២៣ ប្រជាពលរដ្ឋ ក៏បានស្នើសុំអាជ្ញាធរស្តារប្រឡាយចាស់ ដើម្បីបង្ហូរទឹកពី «ទំនប់ស្រុក» មកវិញ។ នេះមានន័យថា បើសិនជាគេមិនឲ្យប្រើប្រាស់ទឹក «បឹងបណ្តាញ» ក៏ប្រជាពលរដ្ឋមានទឹកធ្វើស្រែ ដែលយកពីទំនប់ស្រុកមកដែរ ប៉ុន្តែអាជ្ញាធរមិនឲ្យស្តារឡើយ។

និវត្តន៍ជនមួយរូប គឺលោក ហង្ស សុផល បានឲ្យដឹងថា «បឹងបណ្តាញ» គឺជាប្រភពទឹកមួយក្នុងចំណោម៣ បូកទាំងបឹងនគរទ្វីបនៅខាងកើតភ្នំទេពី និងបឹងចក នៅខាងកើតបឹងនគរទ្វីប ដែលត្រូវបានលក់ទាំងអស់ ក្នុងតម្លៃ ១២លានរៀល។ ប៉ុន្តែ អតីតមេប៉ុស្តិ៍រូបនេះ បានបន្តថា ចំពោះការនិយាយតៗគ្នាវិញ គឺ «បឹងបណ្តាញ» ត្រូវបានលក់ក្នុងតម្លៃដល់ទៅ ២០លានរៀលឯណោះ ហើយចំពោះកំណត់ហេតុដេញថ្លៃជាសាធារណៈ លោកក៏មិនដែលឃើញដែរ។

និយាយបណ្តើរបង្ហាញប្លង់ដីបណ្តើរលោក ហង្ស សុ ផល អះអាងថា ដីដែលប្រជាពលរដ្ឋធ្វើស្រែ សុទ្ធតែមានប្លង់ទាំងអស់។ សម្រាប់ដីរបស់លោកវិញ គឺជាដីដែលរដ្ឋចែកឲ្យ និងបានធ្វើកសិកម្មតាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ។ ​បើតាម លោក ហង្ស សុផល ដីដែលធ្វើស្រែនៅតំបន់ «បឹងបណ្តាញ» មានប្រមាណ ២០០ហិកតា។ ប្រជាពលរដ្ឋបានស្នើអាជ្ញាធរកុំលក់ «បឹងបណ្តាញ» តទៀត និងអនុញ្ញាតឲ្យបានស្តារប្រឡាយ ដើម្បីអាចយកទឹកពី «ទំនប់ស្រុក» ដើម្បីស្រោចស្រពស្រូវបាន។

សូមជម្រាបថា បទបញ្ជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២០ ខែមរា ឆ្នាំ២០២៥ បានឲ្យក្រសួង-ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រឹងប្រែងជួយអន្តរាគមន៍សង្គ្រោះស្រូវនៅតំបន់ ជួបគ្រោះរាំងស្ងួត ដើម្បីបញ្ចៀសការខូចខាតដំណាំ ដែលរំខានដល់សកម្មភាពសេដ្ឋកិច្ច៕