(ពោធិ៍សាត់)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ស្អែកនេះ នឹងអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ និងបើកឱ្យប្រើប្រាស់បណ្តោះអាសន្នសម្រាប់រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។

គួរបញ្ជាក់ដែរថា ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ នឹងបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ គឺមុន និងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ការអនុញ្ញតនេះគឺសម្រាប់រថយន្តគ្រួសារ និងម៉ូតូ ចាប់ពីម៉ោង៦:០០ព្រឹក ដល់ម៉ោង ១៨:០០ល្ងាច និងមិនអនុញ្ញាត្តឱ្យឈប់យានយន្តលើស្ពានជាដាច់ខាត ដើម្បីធានាសុវត្ថិភាព។ ដោយឡែកចំពោះរថយន្តដឹកអីវ៉ាន់ និងរថយន្តធំៗត្រូវបន្តប្រើប្រាស់ផ្លូវវាងដដែល។

គួរបញ្ជាក់ថា ស្ពានខ្ពស់ជាងគេនេះ មានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ធឹ្នមបណ្តោយស្ពានទាំង៩ប្រឡោះ(មួយប្រឡោះចំនួន ៤ធ្នឹម) បានដំឡើងរួចរាល់ផងដែរ៕