(កោះកុង)៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព ប្រកាសទទួលស្គាល់សមាសភាព ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកទាំង៧ នៃខេត្តកោះកុង។
ពិធីនេះមានការអញ្ជើញចូលរួមសំណាក់លោក ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត, លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រួមនឹងមន្ត្រីថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ មន្ត្រីរាជការគ្រប់ស្ថាប័ន និងអាជ្ញាធរគ្រប់មូលដ្ឋានគ្រប់ បណ្តាស្រុក ក្រុងជាច្រើនរូបទៀត។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងថា អាជ្ញាធរខេត្ត និងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង/ស្រុកទាំង៧ ត្រូវចុះគ្រប់មូលដ្ឋានរបស់ប្រជាពលរដ្ឋ និងធ្វើការយកចិត្តដាក់ពង្រឹងសមត្ថភាពភូមិ ឃុំឱ្យមានសុវត្តិភាពជូនប្រជាពលរដ្ឋ និងមានការរៀបចំនៅគម្រោងអភិវឌ្ឍន៍នៅគ្រប់បណ្តាមូលដ្ឋានដើម្បីលើកស្ទួយផ្នែកអភិវឌ្ឍន៍ផ្នែកវិស័យទេសចរណ៍ ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងបង្កើនធនធានមនុស្ស ឱ្យបានច្រើនដើម្បីចំណេះដឹងប្រជាពលរដ្ឋក្នុងការរកប្រាក់ចំណូលជូនក្រុមគ្រួសារ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្តថា ក្រុមការងារទាំងអស់ដែលចុះមូលដ្ឋានត្រូវធ្វើការយកចិត្តទុកដាក់ពន្យល់ណែនាំដល់ប្រជាពលរដ្ឋតាមដ្ឋាន និងបង្កើនធនធានមនុស្សទៅផ្នែកវិស័យកសិកម្មផ្នែកដាំដុះ និងកែច្នៃនៅវត្ថុ អនុស្សាវរីយ៍ផ្សេងដូចជា៖ សំបកគ្រឿងសមុទ្រដែលគេពិសាហើយយកបោះចោលទាំងអស់ យើងអាចយកធ្វើរបស់កែច្នៃសម្ភារ ធ្វើជារបស់អនុស្សាវរីយ៍ហើយអាចទាក់ទាញភ្ញៀវទេសចរជាតិ ដែលចូលមកកម្សាន្តនៅតំបន់ទេសចណ៍ ក្នុងមូលដ្ឋានរបស់យើងបានច្រើន។
ម៉្យាងទៀត ត្រូវរកតំបន់ទេសចរណ៍អភិវឌ្ឍន៍ឱ្យច្រើនហើយរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យមានសោភ័ណភាពក្នុងការទាក់ទាញភ្ញៀវជាតិ អន្តរជាតិក្នុងការដំណើរកម្សាន្តរបស់ពួកជាពិសេសការកែប្រែមុខរបបប្រជាពលរដ្ឋស្របតាមច្បាប់ មិនល្មើសច្បាប់ដូចជា៖ ចូលកាប់ព្រៃឈើកាប់ទន្ទ្រាន់ព្រៃ ដូច្នេះក្រុមការងារត្រូវសហការជាមួយក្រសួងកសិកម្ម និងមន្ទីរកសិកម្មធ្វើយ៉ាងណាពន្យល់បង្ហាត់បង្រៀនបង្កើនធនធានក្នុងការងារកសិកម្មឱ្យបានច្រើនដើម្បីលើកស្ទួយផ្នែក វិស័យទេសចរណ៍ និងជីវភាពរបស់ប្រជាពលរដ្ឋ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្ថែមថា អាជ្ញាធរខេត្តគួរតែរកទីតាំងគោលដៅផ្នែកកសិកម្ម និងតំបន់ភូមិសាស្ត្រឱ្យបានច្រើនផ្នែកវិស័យកសិកម្ម និងវិស័យទេសចរណ៍ និងការនាំចេញចូលនៅសម្ធិផលនានា ដែលមានគុណភាព ចូលពីខេត្តជាប់ខេត្ត ឬនាំចេញក្រៅប្រទេស ធ្វើការទាក់ទាញផ្នែកវិយោគចូលខេត្តដើម្បីលើស្ទួយវិស័យកសិកម្ម និងវិស័យទេសចរណ៍ឱ្យមានភាពរីកចម្រើនស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា៕