(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយលោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា(EuroCham) ដែលទើបចូលកាន់តំណែង នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអឺរ៉ុប ដោយមានការចូលរួមពីលោក Stefan Messerer ឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ប្រចាំនៅកម្ពុជា, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមប្រឹក្សាធុរកិច្ចសហភាពអ៊ឺរ៉ុប-អាស៊ាន (EU-ABC), វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។
កិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអឺរ៉ុប បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានគ្រោងទុក ដោយបានលើកយកប្រធានបទជាអាទិភាពមកពិភាក្សា យ៉ាងផុសផុលជុំវិញបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជារបស់វិនិយោគិនអឺរ៉ុប រួមមានជាអាទិ៍៖ (១)ការដឹកជញ្ជូន និងភស្តុភារកម្ម, (២)កត្តាជំរុញលើកកម្ពស់សេដ្ឋកិច្ចបៃតង និងបទប្បញ្ញត្តិនានា, (៣) វិស័យយានយន្ត, (៤) នីតិវិធីពាក់ព័ន្ធនឹងកាតព្វកិច្ចពន្ធ, (៥) ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបញ្ហាផ្សេងៗ។
នាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនលោក Gabriele Faja ដែលទើបចូលកាន់តំណែងជាប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាតាមរយៈការបោះឆ្នោតគាំទ្រក្នុងខែមីនាកន្លងទៅថ្មីៗ ក៏ដូចជាសម្តែងការស្វាគមន៍ទៅកាន់ លោកឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ប្រចាំនៅកម្ពុជា, តំណាងក្រសួងស្ថាប័ន, តំណាងវិស័យឯកជនអឺរ៉ុប ដែលបានអញ្ជើញចូលរួមយ៉ាងកុះករនាឱកាសនេះ និងបានថ្លែងអំណរគុណជូនចំពោះវិនិយោគិន មកពីសហភាពអឺរ៉ុបទាំងអស់ ដែលបានសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិការធុរកិច្ច ក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់។
បន្ថែមពីនោះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសម្តែងនូវអំណរគុណទៅកាន់លោក Tassilo Brinzer ដែលបានបំពេញតួនាទីជាប្រធាន EuroCham កាលពីអាណត្តិមុនដោយការយកចិត្តទុកដាក់ និងប្រកបដោយកិច្ចសហការខ្ពស់ ក្នុងការសម្របស្រួលរវាងវិស័យពាក់ព័ន្ធនានា និងផ្នែកឯកជន។
ឆ្លៀតក្នុងឱកាសនេះលោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីកំណើននៃគម្រោងវិនិយោគដែលគួរឱ្យកត់សម្គាល់ ពិសេសគឺការបំបែកកំណត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលសម្រេចបាននូវការអនុម័យគម្រោងចំនួន៤១៤ ក្នុងឆ្នាំ២០២៤។ តួលេខនេះ ជាសក្ខីភាពស្តែងឱ្យឃើញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីវិនិយោគកម្ពុជា ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគពីវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លោកក៏បានលើកឡើងអំពីលទ្ធផលជោគជ័យនៃការបំពេញបេសកកម្មជុំរុញ និងទាក់ទាញវិនិយោគ (Investment Roadshow) ទៅកាន់សហភាពអឺរ៉ុប ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។
តាមរយៈវេទិកានៃកិច្ចសន្ទនានាព្រឹកនេះ តំណាងវិនិយោគិនអ៊ឺរ៉ុបបានបង្ហាញនូវចំណាប់អារម្មណ៍ជាវិជ្ជមាន ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ជាសេនាធិការ។ ជាមួយគ្នានេះពួកគេក៏បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ពិសេសជាមួយនឹងបទពិសោធន៍ ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយកន្លងមក បន្ទាប់ពីបានលើកឡើងកាលពីកិច្ចប្រជុំលើកទី១ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។
តំណាងវិនិយោគិនអឺរ៉ុបរំពឹងថា បន្ទាប់ពីជំនួបសន្ទនាលើកទី២នេះ ពួកគេក៏នឹងទទួលបានលទ្ធផលជាវិជ្ជមានជាលំដាប់ ទៅតាមនីតិវិធី និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ថែមមួយកម្រិតទៀតផងដែរ។ ជាមួយគ្នានេះ លោក Tassilo Brinzer អតីតប្រធាន EuroCham កាលពីអាណត្តិមុន បានយកវេទិកានេះគោរពថ្លែងអំណរគុណទៅដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធពីគ្រប់ក្រសួងស្ថានប័ន ដែលបានដាក់ចេញ និងអនុវត្តគំនិតផ្តួចផ្តើមជាច្រើន ដើម្បីដោះស្រាយនូវបញ្ហានានា ក្រោមការណែនាំចង្អុលបង្ហាញដោយផ្ទាល់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី ព្រមទាំងចំណាត់ការដ៏រហ័ស គួបផ្សំនឹងជំនាញបច្ចេកទេសយ៉ាងច្បាស់លាស់៕