(ព្រះវិហារ)៖​ ទេសរដ្ឋមន្ត្រី​កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអង្គភាពប្រឆាំងអំពើពុករលួយ និងលេខាធិការដ្ឋាន នៃគណៈកម្មាធិការ​ជាតិប្រឆាំងភាវរកម្ម ព្រមទាំងសប្បុរសជនជាច្រើនទៀត បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំអំណោយជាថវិការ សម្ភារ មួយចំនួន ចែកជូននាយទាហាន នាយទាហានរង និងពលទាហាន កងពលធំអន្តរាគមន៍លេខ៣ ដែលកំពង់ឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមូរភូមិទិសទី១ ប្រសាទព្រះវិហារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ២០២៥​។​

នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលធំអន្តរាគមន៍លេខ៣​ទាំងអស់ ពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ សូមមានសុខភាពល្អ កម្លាំងមាំមួន និងទទួលជោគជ័យគ្រប់ភារកិច្ច​។​

ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានលើកឡើងថា៖ «យើងខ្ញុំជាសមូរភូមិក្រោយ សូមលំឱនកាយ លំឱនចិត្ត និងសូមគោរពចំពោះវិរៈភាពយុទ្ធជន ថ្នាក់ដឹកនាំកងទ័ព​ទាំងអស់ ដែលកំពុងឈរជើងយ៉ាងរឹងមាំនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដើម្បីធានាឱ្យសមូរភូមិក្រោយបានសេចក្តីសុខសាន្ត សំបូរសប្បាយ ដែលនេះជាគុណតម្លៃមួយដ៍ធំមិនអាចកាត់ថ្លៃបានរបស់វិរៈកងទ័ពយើង»។​

លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីវរៈភាពរបស់កងទ័ពកងពលធំអន្តរាគមន៍លេខ៣ ពិសេសលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដ៏មានឥទ្ធិពល ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ បានធ្វើឱ្យកម្លាំងមិត្តមានការស្ងប់ស្ញែង និងភ័យខ្លាច។​

លោកទេសរដ្ឋមន្ត្រី​បានបញ្ជាក់ថា មកដល់ពេលនេះកងពលធំអន្តរាគមន៍លេខ៣ នៅតែរក្សាគុណតម្លៃ ធ្វើឱ្តគេខ្លាច គេស្ញប់ស្ញែង លោកថែមទាំងបញ្ជាក់ទៀតថាផ្អែកលើស្ថានភាពភូមិសាស្ត្រយើងនៅតែមានប្រៀប «ឱ្យតែទឹកចិត្តកងទ័ពកងពលធំអន្តរាគមន៍លេខ៣ និងកងពលទាំងអស់ នៅតាមព្រំដែន នៅតែរឹងមាំ​ដូចថ្ម គ្មានអាវុធយុទ្ធភ័ណ្ឌទំនើបណាមកធ្វើអីយើងបានទេ»។​

លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង បានប្រាប់កងទ័ពកងកងពលធំអន្តរាគមន៍លេខ៣ ពីការដឹកនាំប្រទេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈរដ្ឋមន្ត្រីរបស់សម្តេច ដែលភាគច្រើនជាយុវជនបន្តវេន ប៉ុន្តែ បានធ្វើកិច្ចការដ៍មានសារៈប្រយោជន៍ច្រើនណាស់។

លោកថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន កំពុងចូលជាសាច់មួយហើយ រវាងហៅថាសមិទ្ធផលដែលមានពីមុន ជាមួយនឹងការបន្តសមិទ្ធផលថ្មី ការពារហើយបង្កើតថ្មីទៀត ចឹងយើងអាចនិយាយឱ្យខ្លីចូលគ្នា​ថា «សម្តេចតេជោធិបតី» ហើយសម្តេចតេជោធិបតី និងសន្តិភាពគឺតែមួយ និងសម្តេចតេជោធិបតី និងការអភិវឌ្ឍ គឺតែមួយដែរ ចឹងលោកថាពាក្យ«សម្តេចតេជោធិបតី» ​គឺកើតឡើងនៅទីនេះ។​

នៅក្នុងឱកាសដ៏សប្បាយរីករាយស្និទស្នាលនេះដែរ លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង បានឧបត្ថម្ភថវិកាដល់ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងចែកជូននាយទាហាន នាយទាហានរង និងពលទាហានចំនួន ១៥មុឺនដុល្លារ ព្រមទាំងបានអញ្ជើញចុះពិនិត្យការសាងសង់អគារ ជាមួយនឹងការពិសារអាហារសាមគ្គី រាំលេងកំសាន្តយ៉ាងសប្បាយរីករាយ៕