(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ លទ្ធផលនៃការប្រកួតកីឡាជាតិ លើកទី១ ជាប្រវត្តិសាស្រ្ត គឺកាន់តែមានការប្រែប្រួល ដោយក្រុមកីឡាករ-កីឡាការិនីមកពីក្រសួងមហាផ្ទៃ បានវ៉ាដាច់ខេត្ត-ក្រុងដទៃ ពិសេសគឺបានទម្លាក់ក្រុមអត្តពលិករាជធានីភ្នំពេញ ឡើងឈរកំពូលតារាងចំណាត់ថ្នាក់មេដាយច្រើនជាងគេ បណ្ដោះអាសន្នវិញ ជាមួយនឹងការដណ្ដើមបានមេដាយសរុប ២៥គ្រឿង។
សម្រាប់មេដាយ ដែលក្រុមកីឡាក្រសួងមហាផ្ទៃដណ្ដើមនាពេលនេះ រួមមានមេដាយមាស១៦ មេដាយប្រាក់៤ និងមេដាយសំរឹទ្ធ៥ ហើយតាមពីក្រោយដោយក្រុមកីឡារាជធានីភ្នំពេញ ដែលដណ្ដើមបានមេដាយមាស១១ មេដាយប្រាក់១២ និងមេដាយសំរឹទ្ធ៦ សរុប ២៩គ្រឿង។ រីឯក្រុមកីឡាក្រសួងការពារជាតិ បានឡើងមកឈរចំណាត់ថ្នាក់លេខ៣ ក្រោយដណ្ដើមបានមេដាយសរុប ១៨គ្រឿង រួមមានមេដាយមាស៨ មេដាយប្រាក់៥ និងមេដាយសំរឹទ្ធ៥។
ដោយឡែកសម្រាប់ក្រុមកីឡាដែលមិនទាន់ទទួលបានមេដាយ ក្នុងការប្រកួតរយៈពេល ៦ថ្ងៃកន្លងទៅ រួមមានក្រុមកីឡាមកពីខេត្តកំពង់ស្ពឺ ពោធិ៍សាត់ បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ រតនគិរី ត្បូងឃ្មុំ និងខេត្តកែប តែយ៉ាងណាពួកគេ នៅមានឱកាសប្រកួត ៤ថ្ងៃទៀត ខណៈព្រឹត្តិការណ៍កីឡាជាតិជាប្រវត្តិសាស្ដ្រ លើកទី១ របស់កម្ពុជានេះ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ៕