(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់ខ្លួន ក្នុងមនោសញ្ចេតនាសប្បាយរីករាយ និងប្រកបដោយស្មារតីសាមគ្គីភាពជិតស្និទ្ធ, ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីណែនាំស្តីពី ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥។
តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្តដូចតទៅ៖
* ថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ មហាសង្ក្រាន្ត ម៉ោង ៤:៤៨ នាទីទៀបភ្លឺ ជាថ្ងៃចូលឆ្នាំម្សាញ់ សប្តស័ក
* ថ្ងៃអង្គារ ៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ជាថ្ងៃវ័នបត
* ថ្ងៃពុធ ៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ជាថ្ងៃឡើងស័ក គម្រប់៣ថ្ងៃ ស្រេចបរិបូណ៌ ចូលឆ្នាំម្សាញ់ សប្តស័ក ។
ដើម្បីឱ្យពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរប្រព្រឹត្តទៅមានសណ្តាប់ធ្លាប់របៀបរៀបរយល្អ ប្រកបដោយភាព សប្បាយរីករាយ និងរក្សាបាននូវប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិនោះ ក្រសួងសូមធ្វើការណែនាំមន្ទីរ ធម្មការនិងសាសនារាជធានី ខេត្ត ដូចខាងក្រោម៖
* ត្រូវសហការជាមួយព្រះមន្ត្រីសង្ឃខេត្ត ណែនាំដល់ព្រះមន្ត្រីសង្ឃស្រុក ព្រះចៅអធិការ អាចារ្យ គណៈកម្មការគ្រប់វត្តអារាមឱ្យយកព្រះទ័យ និងយកចិត្តទុកដាក់សម្អាតនិងតុបតែងលម្អវត្តអារាម ដោយចងទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដា ពាក្យស្លោកឱ្យបានសមរម្យ និងសហការ ជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តាមវត្តអារាម ស្របតាមប្រពៃណីសាសនា ប្រពៃណីជាតិ ដូចជាពិធីពូនភ្នំខ្សាច់ ស្រង់ព្រះពុទ្ធរូប ពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះសង្ឃ ជូនសីលវន្ត សីលវតី មាតា បិតា ចាស់ព្រឹទ្ធាចារ្យជាដើម
* ណែនាំឱ្យគ្រប់វត្តអារាមចាត់តាំងពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធបងប្អូនជនរួមជាតិ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ នៅតាមទីកន្លែងដែលបានតម្កល់អដ្ឋិធាតុ តាម បូជនីយដ្ឋាន ស្ថូបតាមវត្តអារាមនានា
* ណែនាំគ្រប់វត្តអារាមឱ្យសហការជាមួយអាជ្ញាធរពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនពុទ្ធបរិស័ទបានធ្វើបុណ្យសុន្ទរ៍ទាន និងរៀបចំល្បែងប្រជាប្រិយនានាក្នុងវត្តអារាម ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង ដណ្តើមស្លឹកឈើ ចត្រង្គឬអុក ចាប់កូនខ្លែង និងរបាំប្រជាប្រិយខ្មែរដូចជា រាំវង់ រាំក្បាច់ សារ៉ាវាន់ ឡាំលាវ ឆៃយ៉ាំ ត្រុដិជាដើម ធ្វើយ៉ាងណាឱ្យ ប្រព្រឹត្តទៅក្នុងភាពសប្បាយរីករាយ ភាតរភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងរក្សាឱ្យបាននូវអត្ត សញ្ញាណប្រពៃណីជាតិខ្មែរ និងណែនាំកុំឱ្យលេងល្បែងណាដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់
* ណែនាំគ្រប់វត្តអារាមយកចិត្តទុកដាក់បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និងប្រទីបផ្សេងៗ ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យ៕