(កំពង់ធំ)៖ ស្របពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខិតជិតមកដល់នាពេលខាងមុខ, ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានត្រៀមរួចជាស្រេចដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋ។

ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ថា ការប្រារព្ធព្រិត្តិការណ៍សំខាន់ខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានត្រៀមខ្លួនរួចជាស្រេច ព្រមទាំងដាក់ចេញវិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប សំដៅថែរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមធានាផ្ដល់សុខុដុមរមនា ជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។

លោកសង្កត់ធ្ងន់លើការងារជំនាញត្រូវអនុវត្តដូចភ្លៀងរលឹមរួមមាន៖ ព្រហ្មទណ្ឌ, ប្រឆាំងគ្រឿងញៀន, ចរាចរណ៍ផ្លូវគោក, បង្ក្រាបក្រុមក្មេងទំនើង, ប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវបង្កការទប់ស្កាត់បង្ក្រាបបទល្មើស ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

លោកស្នងការបានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ តាមបណ្ដាផែនជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវធ្វើគំរូល្អដល់មន្ត្រីក្រោមឱវាទពង្រឹងការគ្រប់គ្រងដឹកនាំ អនុវត្ត តួនាទី ភារកិច្ចជំនាញជាប្រចាំថ្ងៃ គោរពលើកកម្ពស់វិន័យ របស់កងកម្លាំងនគរបាលជាតិ សាមគ្គីភាពសហការល្អ ពង្រឹងការគ្រប់គ្រងកងកម្លាំង រកឲ្យឃើញមន្ត្រីដែលសកម្មមានស្នាដៃ ក្នុងការបំពេញភារកិច្ច ជូនអង្គភាព ត្រូវទទួលបានការលើកទឹកចិត្តចំពោះមន្ត្រីសកម្ម ក្នុងការបំពេញភារកិច្ច ត្រូវអនុវត្តតាមលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌមន្ត្រីនគរបាលជាតិ ពង្រឹងកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជួយយកអាសាគ្នា នាគ្រាជួបទុក្ខលំបាក។

លោកឧត្តមសេនីយ៍ទោ ហេង សុផល អំពាវនាវប្រជាពលរដ្ឋសូមឲ្យចូលរួមថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួនដាក់ដាក់ឲ្យបានត្រឹមត្រូវ គោរពច្បាបប់ចរាចរណ៍ និងមុនចេញពីផ្ទះត្រូវពិនិត្យមើលភ្លើងចង្ក្រាន ទៀនធូប ចៀសវាងមាន អគ្គិភ័យ កើតឡើងជាយថាហេតុ និងចូលរួមមកលេងឲ្យសប្បាយរីករាយជាមួយសង្ក្រាន្តកំពង់ធំឲ្យបានច្រើនកុះករ៕