(កំពង់ចាម)៖ ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ស្តីពីការពន្លឿន ការរៀបំកម្មវិធីផ្សេងៗ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៥ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ពីអត្ថន័យ នៃលេខ ១,០០០ (លៀសហាល ១.០០០ម៉ែត្រ) ដែលជាការបង្កើតព្រឹត្តិការណ៍ពិសេសមួយ ដាក់បង្ហាញលៀសហាលកំពង់ចាម ប្រវែង ១.០០០ម៉ែត្រ លៀសចំនួន ៣តោន ពិសារដោយសេរី ក្នុងថ្ងៃសង្ក្រាន្តឆ្នាំថ្មី២០២៥។

សូមបញ្ជាក់ថា លោកអភិបាលខេត្ត បានសម្រេចបង្កើតព្រឹត្តិការណ៍ពិសេសមួយទៀត គឺដាក់បង្ហាញលៀសហាលកំពង់ចាម ប្រវែង ១.០០០ម៉ែត្រ ដែលមានលៀសចំនួន៣តោន នៅខាងមុខសាលាខេត្ត រហូតដល់វេទិកាអុំទូក មាត់ទន្លេ ក្រុងកំពង់ចាម ដោយសូមអញ្ជើញបងប្អូន ពូមីងបរិភោគដោយសេរី នៅថ្ងៃទី១៥ ខែមេសា ដែលជាថ្ងៃទី២ នៃសង្ក្រាន្តកំពង់ចាម ចាប់ផ្តើមពីម៉ោង ១៤៖៣០នាទីរសៀលតទៅ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា អត្ថន័យ នៃលេខ១,០០០ដូចខាងក្រោម៖

*អត្ថន័យនៅក្នុងអក្សរសាស្រ្ត៖

*ទី១៖ លេខ ១,០០០ ជាភាសាបាលី និងសំស្រ្កឹត មានន័យថា «សហស្ស»។
*ទី២៖ «សហស្សគុណ» ស្មើនឹងមានគុណភាពច្រើន។ ឧទាហរណ៍៖ ថ្នាំសហស្សគុណ ស្មើនឹងថ្នាំតែមួយមុខ តែអាចព្យាបាលរោគបានច្រើនមុខ។
*ទី៣៖ «សហស្សនេត្រ» (ព្រះឥន្រ្ទ) មានព្រះនេត្រ អាចមើលឃើញទីកំបាំងយ៉ាងច្រើនបានភ្លាមៗ។

*អត្ថន័យនៅក្នុងវប្បធម៌ ប្រពៃណី និងជីវភាពប្រចាំថ្ងៃ៖

*ទី១៖ គាថាពាន់ (គាថាបាលីសុទ្ធ ចំនួន ១,០០០គាថា) មាននៅក្នុងរឿងព្រះវេស្សន្តរ៍ មានចំនួន ១៣កណ្ឌ។

*ទី២៖ លៀសហាល ជាអាហារមួយប្រភេទ ដែលគេយកលៀសស្រស់ មកផ្សំជាមួយគ្រឿងផ្សំ ហើយយកទៅហាលពន្លឺថ្ងៃ ដើម្បីឲ្យឆ្អិន អាចបរិភោគបាន (សហស្សរង្សី ពន្លឺព្រះអាទិត្យ ឬពន្លឺថ្ងៃ) ពាក្យថា «សហស្សរង្សី» ក៏ជាប់ជាមួយនឹងលេខ១,០០០ដែរ។

*អត្ថន័យ នៅក្នុងការដឹកនាំ៖

*ទី១៖ មានការចូលរួមយ៉ាងច្រើនលើសលប់។
*ទី២៖ សាមគ្គីភាព និងឯកភាពគ្នា។ ការដាក់បង្ហាញលៀសហាល ទំរង់ជាចំណងខ្សែជាប់គ្នា ចេញពីចុងខ្សែ២ ចងភ្ជាប់ជាចំណងតែមួយ។ ខ្សែទី១ ជាចំណងឯកភាព និងខ្សែទី២ ជាចំណងសាមគ្គីភាព នាំមកនូវភាពសម្បូរសប្បាយ រីកចម្រើន រុងរឿងរាប់ពាន់ឆ្នាំ៕