(ឧត្តរមានជ័យ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងលោក អឿន រតនា ប្រធានអង្គការសមាហរណកម្មអភិវឌ្ឍន៍សហគមន៍ (ស៊ីដូ) ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ បានចុះពិនិត្យស្ថានភាព និងសក្ដានុពល ស្ថិតក្នុងភូមិកញ្ជ្រៀប ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ភូមិកញ្ជ្រៀប មានប្រជាពលរដ្ឋរស់នៅចំនួន ៣០៧គ្រួសារ ស្មើនឹង ១,១៨៣នាក់ ស្រី ៦០២នាក់ មានផ្ទៃដីបង្កបង្កើនផល ១,៤០០ហិកតា និងមានសក្ដានុពល លើការបង្កបង្កើនផលស្រូវប្រាំង និងស្រូវវស្សា ចិញ្ចឹមសត្វ ដាំបន្លែវិលជុំ ព្រមទាំងមានសហគមន៍សន្សំប្រាក់ផងដែរ។ ជាមួយគ្នានោះភូមិកញ្ជ្រៀបក៏មានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងសហគមន៍កសិកម្មគោកមនមានជ័យ ដែលមានសក្ដានុពលខាងវិស័យទេសចរណ៍បែបធម្មជាតិគឺអាងអូរអង្គ្រងផងដែរ ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ លោករដ្ឋមន្ត្រី ឆាយ ប្ញទ្ធិសែន បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់ក្រុបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។

ជាមួយនេះ លោករដ្ឋមន្ដ្រី បានជម្រាបជូនអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការអភិវឌ្ឍតំបន់ជនបទឱ្យមានការរីកចម្រើន ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ ក្នុងការជួយអភិវឌ្ឍនៅតំបន់ជនបទ ជាពិសេសការលើកកម្រិតផ្លូវពីផ្លូវក្រាលល្បាយដីទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវក្រាលបេតុង ដែលមានភាពធន់និងអាកាសធាតុ, លើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាតសហគមន៍ និងបង្គន់អនាម័យ, ការអភិវឌ្ឍសហគមន៍ និងចលនាភូមិគំរូ, ព្រមទាំងការបណ្ដុះបណ្ដាលជំនាញមូលដ្ឋាន និងបំណិនជីវិតដើម្បីឱ្យប្រជាពលរដ្ឋមានមុខរបរ និងរកប្រាក់ចំណូលបន្ថែម ក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងអភិវឌ្ឍតំបន់ជនបទឱ្យមានភាពស៊ីវិល័យ។

បន្ទាប់មក លោករដ្ឋមន្ដ្រី និងប្រតិភូរួមដំណើរ បានអញ្ជើញទៅពិនិត្យចំការបន្លែរបស់សហគមន៍ រួមមានបន្លែននោង ប៉េងប៉ោះ និងដំណាំពោតផងដែរ។ លោករដ្ឋមន្រ្ដី បានណែនាំដល់ថ្នាក់ដឹកនាំ និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ សិក្សាបន្ថែមពីត្រូវការរបស់សហគមន៍តាមវិស័យដើម្បីបំពេញបន្ថែម តាមរយៈកម្មវិធីត្រីវិស័យដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕