(វ៉ាស៊ីនតោន)៖ ការបើកការវាយប្រហារណាមួយ របស់សហរដ្ឋអាមេរិក សំដៅទប់ស្កាត់ប្រទេសកូរ៉េខាងជើង មិនឲ្យពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែរ ដល់កម្រិតកំពូលបាននោះ នឹងឈានទៅរកសង្រ្គាមបង្ហូរឈាមមួយ ដែលមិនអាចជៀសបានជាមួយប្រទេសចិន ខណៈមហាយក្សនៅអាស៊ីមួយនេះ មិនអាចទទួលយកទង្វើបែប នេះឡើយ ហើយនឹងបញ្ជូនកម្លាំងរបស់ខ្លួន ទៅជួយប្រទេសកុម្មុយនិស្តជិតខាង ដោយគោរពតាមសន្ធិសញ្ញា ការពារជាតិចិន-កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក John Delury ជំនួយការសាស្រ្តាចារ្យនៅសកលវិទ្យាល័យ Yeosei ទីក្រុងសេអ៊ូលបានធ្វើការលើក ឡើងនៅក្នុងអត្ថបទមួយដែលបានចុះផ្សាយដោយគេហទំព័រ 38 North ថា «តើទីក្រុងប៉េកាំងនឹងមានប្រតិកម្ម យ៉ាងដូចម្តេចចំពោះការវាយប្រហាររបស់អាមេរិក ទោះបីជាវានឹងត្រូវធ្វើឡើងក្នុងទម្រង់ដើម្បីបំបាក់កម្លាំង វាយបក ឬសំដៅកម្ទេចតែមូលដ្ឋានទ័ព របស់កូរ៉េខាងជើងក៏ដោយនោះ? ... ប្រទេសកូរ៉េខាងជើងគឺជាសម្ព័ន្ធមិត្ត លើវិស័យការពារជាតិរបស់ប្រទេសចិនតែមួយគត់ នៅលើពិភពលោក ហើយទីក្រុងប៉េកាំងមានតួនាទីផ្តល់ កម្លាំងយោធា និងជំនួយផ្សេងៗទៀតជាបន្ទាន់ឲ្យអស់ពីលទ្ធភាព ដើម្បីការពារទីក្រុងព្យុងយ៉ាង»។
គួរបញ្ជាក់តាមអ្នកជំនាញរូបនេះដែរថា បើសិនជាអាមេរិកបើកការវាយលុកក្នុងគោលបំណងមិនមែនទប់ស្កាត់ ការវាយប្រហារដោយមីស៊ីលណាមួយ ប៉ុន្តែដើម្បីតែបង្ការកុំឲ្យកូរ៉េខាងជើង បង្កើនសមត្ថភាពកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងទៅវិញនោះ វានឹងមិនទំនងជាសមស្របជាមួយបទដ្ឋាន សម្រាប់ការធ្វើសង្រ្គាមរបស់ ទីក្រុងប៉េកាំងនោះឡើយ។ ផ្ទុយទៅវិញនោះ វានឹងរុញច្រានប្រទេសចិនឲ្យទៅរួមដៃជាមួយនឹង ប្រទេសកូរ៉េខាងជើង ដោយយោងទៅតាមសន្ធិសញ្ញាកាលពីឆ្នាំ១៩៦១ របស់ប្រទេសទាំងពីរ ហើយនឹងនាំទៅរកសង្រ្គាមបង្ហូរឈាម ដែលមិនអាចជៀសផុតបានជាក់ជាមិនខាន៕