(ភ្នំពេញ)៖ ផ្តើមចេញពីហេតុការណ៍គ្រោះរញ្ជួយដី កើតឡើងនៅប្រទេសមួយចំនួន នៅក្នុងតំបន់អាស៉ីអាគ្នេយ៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យបង្កើនកិច្ចសហការ និងពង្រឹងការអនុវត្តការងារបច្ចេកទេសក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ទាំងក្នុងវិស័យរដ្ឋ និងក្នុងវិស័យឯកជន ដើម្បីកាត់បន្ថយបានជាអតិបរមានូវហានិភ័យ ដែលអាចកើតមានឡើង ដោយសារគ្រោះធម្មជាតិ ឬបម្រែបម្រួលអាកាសធាតុ ដូចបណ្តាប្រទេសក្នុងតំបន់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ តម្លៃជិត៣៧លានដុល្លារ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។
មានការស្លាប់ និងរបួសជាច្រើននាក់ ដែលបណ្តាលមកពីគ្រោះរញ្ជួយដី ដែលបានវាយប្រហារលើប្រទេស មីយ៉ាន់ម៉ា និងថៃ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺមានហេតុការណ៍គ្រោះរញ្ជួយដីនៅប្រទេសមួយចំនួន ក្នុងនោះ នៅតំបន់អាស៉ីអាគ្នេយ៍យើង ដែលបង្កឲ្យមានការលំបាក បាក់រលំ ខូចទ្រព្យសម្បត្តិ និងប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋ។ នៅក្នុងលក្ខខណ្ឌនេះ ខ្ញុំសូមណែនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, រដ្ឋបាលរាជធានី-ខេត្ត និងក្រសួងស្ថាប័ន ជំនាញពាក់ព័ន្ធ ត្រូវបង្កើនកិច្ចសហការ និងពង្រឹងការអនុវត្តការងារបច្ចេកទេសក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ទាំងក្នុងវិស័យរដ្ឋ និងក្នុងវិស័យឯកជន ដើម្បីកាត់បន្ថយ បានជាអតិបរមានូវហានិភ័យ ដែលអាចកើតមានឡើង ដោយសារគ្រោះធម្មជាតិ ឬបម្រែបម្រួលអាកាសធាតុ ដូចបណ្តាប្រទេសក្នុងតំបន់»។
បើតាមប្រសាសន៍សម្តេចមហាបវរធិបតី ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ប្រល័យបំផុតមួយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ជាង ៣ពាន់នាក់ហើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងទៀតថា តាំងពីដើមអាណត្តិមក សម្តេចបានណែនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យមើលលើសំណង់អគារចាស់ៗ ដែលអាចបង្កហានិភ័យដល់អ្នករស់នៅ។ សម្តេចមហាបវរធិបតី បានអំពាវនាវដល់អ្នករកស៊ីលើការសាងសង់ទាំងឡាយ កុំកេងចំណេញគុណភាពសំណង់ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នករស់នៅ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដែរថា អគារអង្គរជ័យ ដែលជាអគារទ្រុឌទ្រោមមួយ ត្រូវបានដោះស្រាយរួចរាល់ និងហ៊ុមព័ទ្ធ មិនឱ្យមនុស្សចូលនៅទៀតទេ៕