(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ទៅថ្ងៃអនាគតរាជធានីភ្នំពេញនឹងមានផ្លូវក្រោមទឹក។ ដោយឡែកបច្ចុប្បន្ននេះ កម្ពុជាមានស្ពានធំៗឆ្លងកាត់ទន្លេ និងដៃសមុទ្រជាច្រើនកន្លែង ដែលបានស្ថាបនារួច និងដាក់ឱ្យប្រើប្រាស់ដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញផ្សេងៗ។

ក្រោយទទួលបានសន្តិភាពពេញ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្ដទុកដាក់លើការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័នជាច្រើនដូចជា៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស ស្ពាន ឆ្លងទន្លេ ស្ពានអាកាស និងកំពង់ផែជាដើម ដើម្បីធ្វើយ៉ាងណាឱ្យការដឹកជញ្ជូន និងការធ្វើដំណើររបស់ប្រជាជនមានភាពងាយស្រួល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដឹកនាំមិនអាចហាមប្រជាពលរដ្ឋមិនឱ្យទិញរថយន្ត ទិញម៉ូតូសម្រាប់ធ្វើដំណើរនោះទេ អ្វីដែលអាចធ្វើបាន គឺប្រឹងប្រែងសាងសង់ផ្លូវ ពង្រីកផ្លូវ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ​ស្ពានអាកាស «មរតកតេជោ» ដែលជាស្ពានអាកាសទី៨ ក្នុង រាជធានីភ្នំពេញ​នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាក្តីសង្ឃឹមយ៉ាងដូច្នេះថា៖ «ឥឡូវកំពុងតែគិតគូរសិក្សា ថ្ងៃក្រោយខ្ញុំសង្ឈឹមថាយើងមានអាក្រោមទឹក (ផ្លូវក្រោមទឹក) ឆ្លងទន្លេបន្ថែមទៀត វាទៅអ៊ឹចឹង»

ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បច្ចុប្បន្ននេះ ការធ្វើដំណើរពីអរិក្សត្រ មករាជធានីភ្នំពេញ ប្រជាពលរដ្ឋ ត្រូវធ្វើដំណើរដោយឆ្លងសាឡង។ រាជរដ្ឋាភិបាលកម្ពុជា មិនដើរថយក្រោយជាដាច់ខាត ប៉ុន្តែ រាជរដ្ឋាភិបាល ត្រូវធ្វើការដោយបុរេសកម្ម ហើយតំបន់អរិយក្សត្រនឹងមានភាពរីកចម្រើនដោយនឹងមានហេដ្ឋារចនាសម្ព័ន្ធកាន់តែស្អាតងាយស្រួលធ្វើដំណើរ និងអគារខ្ពស់ៗជាច្រើនទៀត ខណៈស្ពានមិត្តភាពកម្ពុជា-កូរ៉េ គ្រោងនឹងបើកការដ្ឋានសាងសង់ឆាប់ៗនេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហើបឱ្យដឹងថា ស្ពានឆ្លងទន្លេប្រមាណ២ ឬ ៣ នឹងត្រូវបើកការដ្ឋានសាងសង់ជាបន្តបន្ទាប់ ដើម្បីបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋជាដើម។ ដូច្នេះ នៅពេលដែលប្រទេសជាតិ មានការរីកចម្រើន គឺទាមទារឱ្យរាជរដ្ឋាភិបាល បន្តកិច្ចខិតខំប្រឹងប្រែង កសាងហេដ្ឋារវចនាសម្ព័ន្ធរូបវ័ន្តនានា ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីមោទនភាពក្នុងរយៈពេលមុន និងក្រោយបោះឆ្នោត សម្តេចបានអញ្ជើញសម្ពោធ និងបើកការដ្ឋានសាងសង់សមិទ្ធផលចំនួន៥លើក ហើយរួមមាន៖ បើកការដ្ឋានសង់ផ្លូវ៥០ម៉ែត្រ ភ្ជាប់ផ្លូវ៦០ម៉ែត្រ ទៅដង្កោ, សាងសង់ស្ពានចាក់អង្រែក្រោម ទៅព្រែកប្រា, បើកការដ្ឋានស្ពានអាកាសភ្លោះ, សម្ពោធអាងប្រព្រឹត្តកម្មទឹកកខ្វក់ និងសម្ពោធស្ពានអាកាសមរតកតេជោ។

គួរឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានស្ពានអាកាសចំនួន៨ ហើយដែលបានដាក់ឱ្យប្រើប្រាស់ ដោយក្នុងនោះរួមមាន៖ ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស ៧មករា ឬហៅក្រៅថា ស្ពានអាកាសពេទ្យលោកសង្ឃ, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាសទិចណូ, ស្ពានអាកាសផ្សារដីហុយ, ស្ពានអាកាសរង្វង់មូលចោមចៅ, ស្ពានអាកាសឫស្សីកែវ។​ ដោយឡែក «ស្ពានអាកាសមរតកតេជោ» ដែលជាស្ពានអាកាសទី៨ មានកម្ពស់៣ជាន់ ស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថី ព្រះមុនីវង្ស និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ស្ថិតក្នុងមូលដ្ឋាន ខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ ខែមេសា​ ឆ្នាំ២០២៥នេះ៕