(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា សមត្ថភាព ដែលមានចីរភាព គឺគ្មានអ្វីប្រសើរជាងការផ្ទេរសមត្ថភាពជំនាញពីអ្នកជំនាញបរទេស ឬការសិក្សារៀនសូត្រពីក្រៅប្រទេសរបស់កូនខ្មែរ ហើយកូនខ្មែរបានប្រើសមត្ថភាពក្នុងកិច្ចកសាងសមិទ្ធផលនានារបស់ជាតិនោះឡើយ។ ការអភិវឌ្ឍដោយប្រើកម្លាំងសមត្ថភាពរបស់កូនខ្មែរ គឺជាការអភិវឌ្ឍដែលធានាបាននូវចីរភាព។

ការណ៍ថ្លែងរបស់សម្ដេចនាយករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេច អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស «មរតកតេជោ» ដែលជាស្ពានអាកាសទី៨ ក្នុងរាជធានីភ្នំពេញ និងតម្លៃជិត ៣៧លានដុល្លារ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះថា៖ «លក្ខណៈពិសេសរបស់ស្ពាននេះ មិញឯកឧត្តម ឧកញ៉ា ពុង ឈាវសែ គាត់បានប្រាប់ថា ស្ពាននេះ គឺដឹកនាំសាងសង់ ដោយកូនខ្មែរតែម្ដង ដោយវិស្វករខ្មែរសុទ្ធ អញ្ចឹងនេះជាមោទនភាពរបស់យើង ដែលបញ្ជាក់ពីវឌ្ឍនភាពនៃការកសាងសមទ្ធផលធំៗ ជូនខ្មែរយើង ដោយកូនខ្មែរ នេះគឺសូមអបអរសាទរ។ ហើយចក្ខុវិស័យដែលក្រុមហ៊ុនឧកញ៉ា បានប្រាប់ មិនខុសពីកម្ពុជាទេ យើងចង់ធ្វើមិចជាជំហានៗ យើងមានសមត្ថភាពក្នុងការកសាង អភិវឌ្ឍន៍ប្រទេស រៀបចំគ្រប់ដំណាក់ ទាំងផែនការ និងការដឹកនាំធ្វើ ការត្រួតពិនិត្យ និងការធ្វើកិច្ចការផ្សេងៗ ជាពិសេសពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធកម្រិតខ្ពស់ មានស្ពានអាកាស មានអាគារច្រើនជាន់ មានព្រលានយន្តហោះធំកម្រិតធំ ដែលថាយើងឈានទៅដល់ការបណ្ដុះបណ្ដាល អនុវត្តន៍ ហើយឈានទៅថ្ងៃក្រោយគឺធនធាននៅក្នុងប្រទេសយើងតែម្ដង នេះហើយគឺជាការកសាងអភិវឌ្ឍន៍ប្រទេស។

សម្ដេចនាយករដ្ឋមន្រ្តីបានបន្តថា៖ «ព្រោះកសាងមួយយើងហៅនរណាមកកសាងក៏បានដែរ ចប់យើងនៅពឹងគេរហូតជំនាញគេមក គេទៅវិញបាត់គេធ្វើជំនួសយើង។ ប៉ុន្តែការអភិវឌ្ឍប្រទេសបានន័យថា ការកសាងសមិទ្ធផល ក៏សាងនូវភាពប្រែប្រួលជាសំខាន់ ដែលមានចីរភាព ហើយសមត្ថភាពដែលមានចីរភាព គឺគ្មានអីក្រៅពីផ្ទេជំនាញពី អ្នកជំនាញបរទេសដែលមកជួយ ជំនាញពីក្រៅប្រទេសដែលយើងទៅរៀននៅក្រៅប្រទេស ទៅធ្វើការក្រៅប្រទេស ចូលមកជាធនធាតុក្នុងប្រទេសយើង ដែលយើងអាចប្រើប្រាស់គ្រប់ពេលវេលាទាំងអស់ នេះហើយការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍប្រទេសដែលមានចីរភាព គឺកសាងលើសមត្ថភាពដែលជារបស់យើងសុទ្ធ គេហៅថា កុំចាំបាច់ពឹងដង្ហើមគេដក ធ្វើផ្ទះ ធ្វើស្ពាន»

សម្ដេចបវរធិបតី បានបញ្ជាក់ថា៖ […] អ្វីដែលយើងឈានបានខ្លួនឯងដំបូង ជាជំហានទី១ នៃជំហានបន្តបន្ទាប់នៃរាប់រយ រាប់ពាន់ជំហានទៅមុខ គឺចាប់ផ្ដើមពីមួយជំហាន។ អញ្ចឹង សមត្ថភាពដែលយើងធ្លាប់កសាងហេដ្ឋារចនាសម្ព័ន្ធកម្រិតខ្ពស់ ដែលពឹងផ្អែកទៅលើជំនាញពីក្រៅ គឺឈានទៅដល់ការកសាងសមទ្ធផលមួយៗម្ដង ឥលូវយើងចាប់ផ្ដើមឈានទៅដល់ជំហានបន្តបន្ទាប់ទៀត ដោយសារសមត្ថភាពជាក់ស្ដែងរបស់យើង ហើយនេះគឺជាអ្វីដែលយើងត្រូវរួមគ្នាអបអរសាទរ។ ព្រោះមួយផលិតដោយគេ មួយផលិតដោយខ្លួនឯង យើងពិតជាមានមោទនភាពខ្លួនឯងហើយ»។