(ភ្នំពេញ)៖ លោកវរសេនីយត្រី កឹក បូរិន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចេញមកច្រានចោលចំពោះការបង្ហោះព័ត៌មានលើគណនី Facebock Page ឈ្មោះ «ស្អែកស្លាប់ ស្អែកស្លាប់ TV Online» ដែលបានចុះផ្សាយថា «មេប៉ុស្តិ៍ស្ទឹងមានជ័យទី២ ស្រវឹងស្រា ជេរប្រមាថមនុស្សស្រី ចុះធ្វើការគ្មានឯកសណ្ឋាន និងចិញ្ចឹមចោរចែកចាយគ្រឿងញៀន»។

លោកវរសេនីយត្រី កឹក បូរិន បានបញ្ជាក់ថា ការបង្ហោះព័ត៌មានមិនពិតនេះ វាពិតជាធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោក ជាពិសេសអង្គភាពទាំងមូល ដែលបានលះបង់ពេលវេលាក្នុងការបំពេញការងារជូនប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់ ហើយបងប្អូនប្រជាពលរដ្ឋជាសាក្សីពិត។

មេប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានរៀបរាប់ពីដំណើរដើមទង ដែលនាំឱ្យកើតឡើងនូវការចោទប្រកាន់លើរូបលោកថា កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២៥ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការគ្នាជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្ទឹងមានជ័យទី២ ដោយ បានចុះធ្វើការបង្ក្រាបទីតាំងបង្កប់ល្បែង Joker មួយទីតាំងនៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយក៏បាននាំខ្លួនឈ្មោះ តុក ចន្ថា ភេទស្រីអាយុ ៣០ឆ្នាំ ដែលជាអ្នកមើលការខុសត្រូវ ឱ្យម្ចាស់ទីតាំងឈ្មោះពៅ ដែលត្រូវជាចៅហ្វាយ នៅពីក្រោយការបង្កប់ល្បែងនេះ ក្រោយពីធ្វើកិច្ចសន្យាកុំឱ្យមានដំណើរការល្បែង Online ខាងលើ ក្រោយសមត្ថកិច្ចអនុញ្ញាតឱ្យឈ្មោះ តុក ចន្ថា ត្រឡប់ទៅវិញ។

ក្រោយចុះបង្ក្រាបនេះ ឈ្មោះ ស្រីពៅ ដែលជាម្ចាស់ទីតាំងមានការខឹងនឹងសមត្ថកិច្ច ដែលចុះទៅបង្ក្រាបទីតាំងរបស់ខ្លួន ហើយក៏បានហៅឈ្មោះ តុក ចន្ថា ទៅជួបនៅផ្ទះមួយកន្លែង (មិនស្គាល់ទីតាំង) ដើម្បីផឹកស៊ីហើយហៅមានអ្នកលួចថតសម្លេងរបស់ឈ្មោះ តុក ចន្ថា ដែលនិយាយរៀបរាប់ពីអតីតប្តីរបស់ខ្លួន ឈ្មោះម៉ៃ ក្រោយពីបានលួចថត សម្លេងបានដោយធ្វើជាសួរអំពីឈ្មោះម៉ៃ ជាប្តីរបស់ឈ្មោះ តុក ចន្ថា ដោយសារសម្លេងនោះនាងគ្រាន់តែនិយាយអំពីរឿងប្តីរបស់នាងធ្លាប់ប្រើប្រាស់ហិង្សា លើនាងពីមុនមកទេ។

លុះមកដល់ថ្ងៃទី៤ ខែមេសាឆ្នាំ២០២៥ ស្រាប់មានគណនី Facebook Page ឈ្មោះ «ស្អែកស្លាប់ស្អែកស្លាប់ TV Online» មកបង្ហោះខ្លឹមសារមួយមិនពិតដោយបានចោទប្រកាន់ថា លោកនាយប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចិញ្ចឹមចោរ និងចរាចរណ៍គ្រឿងញៀន នៅចំនុចគំនរសំរាមស្ទឹងមានជ័យទៅវិញ ការបង្ហោះនេះពិតជាធ្វើឱ្យប៉ះដល់ទៅដល់អង្គភាពទាំងមូល ដែលបានលះបង់កម្លាំងកាយចិត្ត ការពារសុខសុវត្ថិភាពប្រជាពលរដ្ឋមិនថាពេលយប់ ឬពេលថ្ងៃ៕