(ប៉េកំាង)៖ កម្មករអណ្ដូងរ៉ែ១៥នាក់ត្រូវបានគេអះអាងថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានហេតុការណ៍ផ្ទុះអណ្ដូងរ៉ែធ្យូងថ្មមួយកន្លែង ស្ថិតនៅភាគអាគ្នេយ៍ទីក្រុង Chongqing ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅយប់ថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ ២០១៦។
ជុំវិញហេតុការណ៍នេះដែរ ក្រុមអាជ្ញាធរនៅក្នុងតំបន់ បានឱ្យដឹងថា នៅពេលការផ្ទុះបានកើតឡើងនៅម៉ោង ១១៖៣០នាទី មានកម្មកររ៉ែសរុប៣៥នាក់ កំពុងធ្វើការនៅក្នុងអណ្ដូងរ៉ែធ្យូងថ្ម ឯកជនមួយ ឈ្មោះថា Jinshangou Coal Mine ស្ថិតនៅតំបន់ Laisu Town នៃស្រុក Yongchuan ហើយមនុស្សពីរ នៅមានជីវិត ខណៈមនុស្ស១៨នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួននៅឡើយ។ ចំណែកឯអាជ្ញាធរបានបង្គាប់ឱ្យ ម្ចាស់អណ្ដូងរ៉ែនេះផ្អាកសកម្មភាពរបស់ខ្លួន ដើម្បីផ្ដល់ភាពងាយស្រួលដល់ក្រុមអ្នកជួយសង្រ្គោះច្រើនជាង ២០០នាក់ ដែលកំពុងធ្វើប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេ។
សូមជំរាបថា មូលហេតុនៃការផ្ទុះនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត ហើយក៏ពុំទាន់មានសេចក្ដីរាយការណ៍ ពីការចាប់ខ្លួនអ្នកទទួលខុសត្រូវណាម្នាក់នោះដែរ៕