(កំពង់ធំ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥នេះ លោក ប៉ិច សុខា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក តំណាងលោក ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក ខេត្តកំពង់ធំ ព្រមទាំងក្រុមការងារ បានរៀបចំពិធីប្រគេនទេយ្យទានដល់ព្រះសង្ឃ៤០អង្គ មកពីវត្តចំនួន៦ ក្នុងស្រុកតាំងគោក ព្រមទាំងសូត្រមន្តឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនដែលបានចែកឋានក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ពិធីនេះ បានធ្វើឡើងនៅវត្តមុនីរតនារាម (វត្តទ្រៀល) ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលស្រុកតាំងគោក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកយាយ លោកតា លោកអ៊ំ មាមីង លោកគ្រូ អ្នកគ្រូ ប្អូនៗយុវជន យុវនារី សិស្សានុសិស្សផងដែរ។
ក្នុងឱកាសនោះ លោក ប៉ិច សុខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹក និងសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅពីសំណាក់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ លោក ឈាង វណ្ណារិទ្ធ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកយាយ លោកតា លោកអ៊ំ មា មីង លោកគ្រូ អ្នកគ្រូ ប្អូនៗយុវជន យុវនារី សិស្សានុសិស្សដែលបានអញ្ជើញចូលរួម ក្នុងកម្មវិធីនាពេលនេះ។
លោក ប៉ិច សុខា បានថ្លែងអំណរគុណចំពោះទឹកចិត្ត និងការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងមូលដ្ឋានស្រុកតាំងគោក។ លោក ប៉ិច សុខា ក៏សូមអរគុណប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយនៅក្នុងមូលដ្ឋានទាំងមូល ក៏ដូចជាបានចូលរួមយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍន៍មូលដ្ឋានទាំងមូល។
លោក ប៉ិច សុខា បានយកឱកាសនេះ ជម្រាបប្រគេនព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ក៏ដូចជាជម្រាបជូនលោកយាយ លោកតា លោកអ៊ំ មាមីង លោកគ្រូ អ្នកគ្រូ ប្អូនៗយុវជន យុវនារី សិស្សានុសិស្សទាំងអស់ថា ការប្រារព្វពិធីបុណ្យចូលឆ្នំាថ្មី ប្រពៃណីជាតិខ្មែរដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ ដែលកើតចេញពីគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំបន្តវេនប្រកបដោយថាមពល និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានគូសរំលេចផងដែរថា រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិនេះ បានបន្តដាក់ចេញនូវគោលនយោបាយអាទិភាព ដើម្បីលើកស្ទួយជីវភាពបងប្អូនប្រជាពលរដ្ឋគ្រប់រូបដូចជា ការពង្រីកសេវាថែទាំសុខភាព ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ កម្មវិធីជំនួយសង្គមជូនដល់គ្រួសារក្រីក្រ និងរងហានិភ័យ ការជួយសម្រួលតម្លៃកសិផលឱ្យបានសមរម្យ និងការពង្រាយមន្ត្រីកសិកម្មឃុំជាដើម។ ដោយឡែកចំពោះស្រុកតាំងគោក ជាពិសេសគឺនៅក្នុងឃុំទ្រៀលនេះ មានភ័ព្វសំណាងបានទទួលនូវមន្ត្រីកសិកម្មឃុំ ១រូប ដើម្បីជួយសម្រួលការងារប្រជាកសិករ ហើយបន្ថែមលើនេះគឺទទួលបាននូវសមិទ្ធិផលដ៏ថ្លៃថ្លាមួយ គឺនឹងមានការសាងសង់អគារសិក្សាកម្ពស់ ៣ជាន់ ស្មើនឹង ៣០បន្ទប់ នៅក្នុងវិទ្យាល័យទ្រៀលកាលពីពេលថ្មីៗនេះផងដែរ។ ជាមួយគ្នានេះ នាពេលកន្លងមក ក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់បានចុះផ្ទាល់ជាមួយប្រជាជនក្នុងមូលដ្ឋាន ព្រមទាំងការគិតគូរពីសេដ្ឋកិច្ចគ្រួសារ និងការដោះស្រាយបញ្ហាប្រឈម របស់ប្រជាពលរដ្ឋ។
លោក ប៉ិច សុខា បានអំពាវនាវប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានស្រុកតាំងគោក ខេត្តកំពង់ធំ បន្តចូលរួមថែរក្សាសន្តិភាព និងគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដើម្បីមានឱកាស និងផ្តល់លទ្ធភាពបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ក៏ដូចជាស្រុកតាំងគោក ខេត្តកំពង់ធំ សំដៅឈានឆ្ពោះទៅការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀតជូនជនរួមជាតិ។
សូមបញ្ជាក់ថា លោក ប៉ិច សុខា បាននាំយកមកនូវទេយ្យវត្ថុ និងបច្ច័យរបស់លោក ឈាង វណ្ណារិទ្ធ ក្នុង១វត្តទទួលបាន៖ ស្លាដក់០១ អង្ករពីរបាវ១០០គីឡូ ទឹកស៊ីអ៊ីវ២យូរ ទឹកត្រី២យូរ ទឹកសុទ្ធ២កេស ទឹកផ្លែឈើ ២កេស មីកញ្ចប់២កេស បច្ច័យបួនសម្រាប់ព្រះចៅអធិកាវត្តទាំង៦ ក្នុងមួយអង្គ១០ម៉ឺន ហើយចំពោះព្រះសង្សគង់នៅវត្តទ្រៀល ៤០អង្គទៀត ក្នុងមួយអង្គ២ម៉ឺនរៀល និងបច្ច័យ៦០ម៉ឺនរៀលក្នុងមួយវត្តសម្រាប់រៀបចំពិធីសង្រ្កានថ្មីឆ្នាំ។ បន្ថែមពីនេះទៀត បានជូនតាអាចារ្យ យាយជី ប្រជាការពារ ប្រជាពលរដ្ឋដែលបានមកចូលរួមក្នុងម្នាក់ ១ម៉ឺនរៀល។
មុននឹងបញ្ចប់ការសំណេះសំណាល លោក ប៉ិច សុខា បានផ្តាំផ្ញើដល់លោកអភិបាលស្រុកតាំងគោក លោកអធិការ លោក លោកស្រីមេឃុំ លោកមេបុស្តិ៍នគរបាលរដ្ឋបាល ក៏ដូចជាប្រជាការពារគ្រប់រូប មេត្តាពង្រឹងការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងចូលមកដល់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ភ្ញៀវទេសចរ ដែលធ្វើដំណើរចូលមកលេងកម្សាន្ត សង្ក្រាននៅតាមបណ្តាវត្ត ក្នុងស្រុកតាំងគោក ប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់។ ទន្ទឹមនេះ ត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍នៅតាមមូលដ្ឋាន ដើម្បីត្រៀមខ្លួនដាក់ចេញនូវចំណាត់ការតប់ស្កាត់ ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវរាល់សកម្មភាពប៉ុនប៉ងបង្កឱ្យមានចលាចល វឹកវរ និងអសន្តិសុខក្នុងសង្គម៕