(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅវេលាម៉ោង៧៖៥៥នាទី ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានអញ្ជើញដល់សាលាខេត្តកណ្តាល ដើម្បីសំណេះសំណាលជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ស្វែងយល់បន្ថែមពីសុខទុក្ខ និងបញ្ហាប្រឈមក្នុងការអនុវត្តន៍ការងារ។ កិច្ចសំណេះសំណាលនេះ ក៏ដើម្បីជំរុញការអនុវត្តន៍ការងាររបស់មន្រ្តី និងកងកម្លាំងប្រដាប់អាវុធខេត្តកណ្តាល ឲ្យកាន់តែល្អប្រសើរថែមទៀត ក្នុងការបម្រើប្រជាពលរដ្ឋក្នុងខេត្តកណ្តាល។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ដើម្បីបានស្វែងយល់ពីបញ្ហា និងការអនុវត្តន៍ការងាររបស់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធតាមបណ្តាខេត្តនោះ កាលពីខែកក្កដា ឆ្នាំ២០១៦ ពីខេត្តបាត់ដំបង សម្តេចតេជោ បានប្រកាសដាក់ចេញយុទ្ធនាការចុះជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធតាមបណ្តាខេត្តដោយផ្ទាល់តែម្តង។
ខេត្តកណ្តាល ជាខេត្តទី២២ ហើយ ដែលសម្តេចតេជោ បានអញ្ជើញចុះទៅដល់ និង ជួបសំណេះសំណាលដោយផ្ទាល់ជាមួយមន្រ្តីរាជ ការ និងកងកម្លាំងប្រដាប់អាវុធ។ នៅសល់ខេត្តតែ ៣ទៀតប៉ុណ្ណោះ ដែលសម្តេចតេជោ មិនទាន់បានចុះទៅរួមមានខេត្តកោះកុង ព្រៃវែង និងស្វាយរៀង៕