(ព្រះសីហនុ)៖ លោក អេង ចំរើន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នា​ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលជួបការលំបាក

ខ្វះខាត និងមានពិការភាព និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ចែកជូនសរុបចំនួន ២០គ្រួសារ រស់នៅក្រុម៤ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសចុះជួបសួរសុខទុក្ខនេះ លោក អេង ចំរើន បានពាំនាំនូវការសាកសួរសុខទុក្ខ និងការជូនពររបស់សម្តេចតេជោ ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសជិតចូលមកដល់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរផងដែរ។

ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងក្តីព្រួយបារម្ភរបស់​ប្រមុខដឹកនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្កេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងសម្តេចមហាប​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ តែងតែមានការចុះសួរសុខទុក្ខ និងមើលឃើញពីស្ថានភាពជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការខ្វះខាតទីទាល់ក្រ ចាស់ជរា និងជនពិការភាព។

កន្លងមកតាមរយៈលោក អេង ចំរើន មន្ទីរពាក់ព័ន្ធ សហការជាមួយអាជ្ញាធរមូលដ្ឋាន តែងតែបានចុះសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងបានចែកអំណោយ ជាបន្តបន្ទាប់ផងដែរ៕