(ស្ទឹងត្រែង)៖ លោក កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមសេនាតេជោសន្តិភាព និងក្រុមការងារ ក្រោយអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយប្រគល់ជូននាយទាហាន នាយទាហានរង និងពលទាហាននៅកងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិភាគទី១ ដែលឈរជើងការពារព្រំដែនកម្ពុជា-ឡាវ ស្ថិតនៅភូមិញ៉ាំងស៊ុម ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង រួចមកលោក និងក្រុមការងារ បានអញ្ជើញចុះទៅពិនិត្យមើលបង្គោលព្រំដែន នៃប្រទេសទាំង២។

ពេលទៅដល់បង្គោលព្រំដែនលេខ077 ដែលខ័ណ្ឌចែកប្រទេសទាំង២ លោកបានមើលឃើញពីភាពរឹងមាំ នៃបូរណភាពទឹកដី និងអធិបតេយ្យភាពដែលកម្ពុជាមានជាមួយប្រទេសជិតខាងពោលផ្ទុយពីការអះអាង និងលើកឡើងគ្មានមូលដ្ឋានរបស់ក្រុមប្រឆាំងនៅតាមបណ្តាញសង្គម ដែលនៅក្រៅស្រុក។

លោក កែង ផុង បានបញ្ជាក់ថា នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ កងទ័ពរបស់យើង បានឈរការពារទឹកដីយ៉ាងរឹងមាំ ដោយអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គមេបញ្ជាការកងទ័ព។

ក្រៅពីកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ, កម្លាំងកងទ័ពរបស់យើងបានចូលរួមបង្ក្រាបបទល្មើសនានាទាំងបទល្មើសគ្រឿងញៀន ការឆ្លងដែនខុសច្បាប់ ដើម្បីថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់តាមព្រំដែនជាប់ប្រទេសជិតខាង។

លោកបានបញ្ជាក់ថា ពិតណាស់បងប្អូនកងទ័ព មិនត្រឹមតែការពារជាតិ និងរាជរដ្ឋាភិបាលស្របច្បាប់ប៉ុណ្ណោះទេ បងប្អូនក៏ជាបង្អែកយ៉ាងសំខាន់ ក្នុងការជួយថែរក្សាធនធាធម្មជាតិឱ្យនៅឋិតស្ថេរគង់វង្សយូរអង្វែង ដើម្បីជាប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនទាំងមូល។

សូមបញ្ជាក់ថា នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ លោក កែង ផុន បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយប្រគល់ជូននាយទាហាន នាយទាហានរង និងពលទាហាននៅកងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិភាគទី១ ដែលឈរជើងការពារព្រំដែនកម្ពុជា-ឡាវ ស្ថិតនៅភូមិញ៉ាំងស៊ុម ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

អំណោយដែលលោក កែវ ផុង នាំទៅប្រគល់ជូនកងទ័ពរួមមាន៖ ថវិកា ៥លានរៀល, អង្ករ ៥តោន, មីជាតិ ៣០០កេស, ត្រីខកំប៉ុង២០០យួរ, ទឹកត្រី និងទឹកស៊ីអ៉ីវ ៣០០យួរ ទឹកបរិសុទ្ធវីតាល់ ២០០កេស ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ក្នុងឱកាសនេះ លោក កែវ ផុង បានពាំនាំនូវការ សាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង ពលទាហាន ពលទាហានរងទាំងអស់ ដែលកំពុងឈរជើងការពារតាមព្រំដែនកម្ពុជា-ឡាវ នៅភូមិសាស្រ្តខេត្តស្ទឹងត្រែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលជានិច្ចកាលប្រកាន់ខ្ជាប់នូវគោលជំហរការពារទឹកដី មាតុភូមិឱ្យបានគង់វង្ស៕