(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់លើកលែងទោសឱ្យទណ្ឌិតឈ្មោះ សម សេរី ហៅ សុខ ស៊ុយ ហៅ យាន យៀប ហៅ សំភិន ហៅ ស ធម្មរង្សី ហៅ សាភិន ហៅ សម នីរ័ត្ន ហៅ ស សរី ភេទប្រុស កើតឆ្នាំ១៩៨០ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស លើសំណុំរឿងចំនួន ៦ករណី។

នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥។

សូមជម្រាបថា លោក សម សេរី ប្រធានរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលកំពុងរស់នៅប្រទេសដាណឺម៉ាក បានប្រកាសរំលាយ រណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលខ្លួនបានបង្កើតឡើង និងបានផ្ញើលិខិតមួយជូន សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកលែងទោស ដើម្បីបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។

លោក សម សេរី គឺជាមេដឹកនាំក្រុមមួយដែលរស់នៅក្រៅប្រទេស ហើយតែងតែធ្វើចលនាប្រឆាំងរាជរដ្ឋាភិបាលខ្មែរ ជាច្រើនឆ្នាំកន្លងមក។ នាពេលកន្លងទៅក្រុមរបស់លោក សម សេរី មួយចំនួនក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទប៉ុនប៉ងធ្វើភេរវកម្មផងដែរ៕