(ភ្នំពេញ)៖ យ៉ាងហោចណាស់ប្រជាពលរដ្ឋចំនួន១២៤ នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន២៨១លើក ក្នុងខែតុលាកន្លងទៅនេះ ដែលចំនួនអ្នកស្លាប់បានធ្លាក់ចុះបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥ កើតឡើង ២៧៥លើក អ្នកស្លាប់១៣៣នាក់ នេះបើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
របាយការណ៍បានឲ្យដឹងទៀតថា ពេញមួយខែតុលា អ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍មានចំនួន ៦៥៦នាក់ (របួសស្រាល ៣០៩នាក់ និងរបួសធ្ងន់ ៣៤៧នាក់) កើនឡើងបើធៀបនឹងឆ្នាំមុន ដែលមានអ្នករបួសចំនួន ៤៣៥នាក់ (របួសស្រាល ១៦៤ នាក់ និងធ្ងន់ ២៧៣នាក់)។
គ្រោះថ្នាក់ចរាចរណ៍ទាំង ២៨១លើកបណ្តាលឲ្យខូចខាតរថយន្តតូច១០២គ្រឿង រថយន្តធំ ៥៧គ្រឿង និងម៉ូតូ ២៩២គ្រឿង ហើយមូលហេតុដែលនាំឲ្យគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ស្រវឹង ប្រជែង មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ ងងុយដេក និងកត្តាយានយន្តជាដើម៕