(ស្វាយរៀង)៖ លោក លឹមសៀងហេង អភិបាលក្រុងបាវិតសំណូមពរ ឲ្យ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ ត្រូវ រួមគ្នា ថែរក្សា សុខ សន្តិភាព និង ចូលរួម ថែរក្សា នូវ សមិទ្ធផល ដែល យើង បាន សម្ពោធ ក្នុង ថ្ងៃ នេះ ឲ្យ បាន គង់វង្ស ស្ថិតស្ថេរ។

លោកបន្តថា ដេីម្បីជាការតបស្នងចំពោះទឹកចិត្តដ៏ប្រពៃរបស់សប្បុរសជន សូមក្មួយៗ សិស្សានុសិស្សដែលកំពុងសិក្សា គប្បីខិតខំសិក្សារៀនសូត្រ មានវិន័យសីលធម៌ល្អ ចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដើម្បីជាក្តីសង្ឃឹមរបស់ប្រទេសជាតិ។

ការថ្លែងណែនាំបែបនេះ របស់ លោកអភិបាលក្រុងបាវិត នៅព្រឹក ថ្ងៃទី៥ខែមេសាឆ្នាំ២០២៥ ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី ឆ្នាំម្សាញ់ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត ស្ថិតក្នុងសង្កាត់បាវិតក្រុងបាវិត  ដោយមានការនិមន្តចូលរួម និងចូលរួមពី ព្រះចៅអធិការវត្តចំនួន ៣វត្ត គឺវត្តពោធិ៍ថ្មី វត្តតាឡុង វត្តតាពៅ សមាជិកក្រុមប្រឹក្សាក្រុង លោកអភិបាលរងក្រុង លោកនាយករងរដ្ឋបាល លោកប្រធាន អនុប្រធានការិយាល័យចំណុះក្រុង លោកស្រីប្រធានការិយាល័យប្រជាពលរដ្ឋក្រុង កងកម្លាំងប្រដាប់អាវុធទាំងបីក្រុង លោកចៅសង្កាត់បាវិត ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ អនុភូមិទាំង ៥ភូមិ លោកនាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត លោកគ្រូ អ្នកគ្រូ លោក លោកស្រីដែលជាសប្បុរសធម៌ និងសិក្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត។

លោក អភិបាលក្រុងបន្តថា ការជួបជុំក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងសាលា បុណ្យផ្កាសាមគ្គី និងសង្ក្រាន្តឆ្នាំថ្មី ឆ្នាំម្សាញ់ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិតនាពេលនេះបានបដោយសារ ក្រោមដំបូលនៃសុខសន្តិភាព វិបុលភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ប៊ុនប្រសព្វ ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តមរតកនយោបាយដឹកនាំបន្តពីសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងការបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។

បន្ថែមលើសពីនេះ លោកក៏បាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី សូមចូលមកកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្ក្រាន្តក្នុងខេត្តស្វាយរៀង នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះឱ្យបានច្រើនកុះករព្រោះថា រដ្ឋបាលខេត្តបានត្រៀមខ្លួនរួចជាស្រេច មិនថាការងាររៀបចំតុបតែលម្អទីក្រុងសណ្តាប់ធ្នាប់សាធារណៈនិងកម្មវិធីកម្សាន្តសប្បាយនានាផងដែរ។

សូមបញ្ជាក់ថា ក្នុងកម្មវិធីនេះដែរ លោក អភិបាលក្រុងបាវិត បានឧបត្ថម្ភ អ្នកកាន់ខ្សែបូចំនួន ៤០០,០០០ រៀល អ្នករាំរបាំជូនពរចំនួន ៤០០,០០០ រៀល អ្នករាំរបាំនេសាទចំនួន ៤០០,០០០ រៀល អ្នករាំឆៃយាំចំនួន ៤០០,០០០ រៀល និងអ្នករាំបទ មោទនភាពជាតិខ្មែរចំនួន ៦០០,០០០ រៀល៕