(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សសង្កាត់ព្រែកថ្មី ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប្រារព្ធពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជន ចំនួន ១៩០រូប ក្រោមអធិបតីលោក គឹម រស្មី អនុប្រធានក្រុមការងារចុះជួយខណ្ឌច្បារអំពៅ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកថ្មី តំណាងលោក ហ៊ុយ ពិសិដ្ឋ អនុប្រធានក្រុមការងារចុះជួយខណ្ឌច្បារអំពៅ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកថ្មី។
ពិធីនោះមានការចូលរួមពីលោក ហេង វុទ្ធី អនុប្រធានក្រុមការងារចុះជួយខណ្ឌច្បារអំពៅ និងលោកស្រី វ៉ា សុរិន ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ព្រែកថ្មី។
ថ្លែងក្នុងឱកាសនោះ លោក គឹម រស្មី បាននាំនូវការសួរសុខទុក្ខពីលោក ហ៊ុយ ពិសិដ្ឋ អនុប្រធានក្រុមការងារចុះជួយខណ្ឌច្បារអំពៅ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកថ្មី និងសូមស្វាគមន៍ ចំពោះប្អូនៗ និងក្មួយៗ ដែលទើបគ្រប់អាយុ ហើយបានសម្រេចចិត្តចូលជាសមាជិក គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ ដែលបានជួយយើងតាំងពីដើមរៀងមក គ្រប់កាលៈទេសៈទាំងអស់។
លោកបន្តថា ពិធីបញ្ចូលសមាជិកគណបក្សថ្មី នាថ្ងៃនេះសម្រាប់ភូមិទាំងប្រាំមួយ ក្នុងសង្កាត់ព្រែកថ្មី មិនមែនជាព្រឹតិ្តការណ៍ដោយឡែកនោះទេ តែជាពិធីដែលធ្វើក្នុងក្របខណ្ឌទូទាំងប្រទេស គ្រប់ឃុំ សង្កាត់ ក្រុង ស្រុក រាជធានី ខេត្ត ដែលវាជាភស្តុតាងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែទទួលសមាជិកថ្មី មិនប្រកាន់និន្នាការនយោបាយ ដែលជាគណបក្ស ដែលទទួលបានការគាំទ្រ និងគោរពស្រឡាញ់ភ្លូកទឹក ភ្លូកដីពីប្រជាពលរដ្ឋរបស់យើង។
ឆ្លៀតយកឱកាសនេះ លោក គឹម រស្មី គូសបញ្ជាក់ពីសមិទ្ធផលធំៗ របស់គណបក្សប្រជាជនកម្ពុជា ដែលសម្រេចបាន សម្រាប់បុព្វហេតុ នៃការកសាងសន្តិភាព និងការអភិវឌ្ឍជូនប្រជាជនកម្ពុជា៖
*ទី១៖ បានរំដោះទឹកដី និងប្រជាជនកម្ពុជា ចេញពីបនប្រល័យពុជសាសន៍ ប៉ុល ពត ទប់ស្កាត់របបវាលពិឃាត សាហាវយង់ឃ្នងនេះ មិនឲ្យវិលត្រឡប់មកជាលើកទី២ ជាដាច់ខាត ទោះជាត្រូវបង់ដោយតម្លៃណាក៏ដោយ។
*ទី២៖ បានស្តារ និងកសាងប្រទេសឡើងវិញ ពីបាតដៃទទេ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមជាតិ ជាបណ្តើរៗ រហូតមានការរីកចម្រើនគ្រប់វិស័យ ដូចដែលយើងទាំងអស់គ្នា បានឃើញ និងទទួលស្គាល់។
*ទី៣៖ បានធ្វើជាកម្លាំងស្នូល ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ទីកុ្រងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
*ទី៤៖ សម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង ការបង្រួបបង្រួមទឹកដី ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជា នូវសុខសន្តិភាពពេញនៅកម្ពុជា ដោយនយោបាយឈ្នះ-ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
*ទី៥៖ រាជរដ្ឋាភិបាលនៃអ្នកបន្ដវេន បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ជូនជាតិ និងប្រជាពលរដ្ឋ ពិសេសបន្ដរក្សាបាននូវសុខ សន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ។
នាឱកាសនោះ លោក គឹម រស្មី បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដល់សមាជិកគណបក្សក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មី ។
លោកបានផ្តល់នូវប្រសាសន៍ផ្តាំផ្ញើដល់សមាជិកគណបក្សថ្មី៖
*ទី១៖ សមាជិកគណបក្ស ដែលទើបត្រូវបានបញ្ចូលថ្មីទាំងអស់ ត្រូវគោរពតាមលក្ខន្តិកៈរបស់គណបក្ស និងត្រៀមខ្លួនជាដរាប ក្នុងការចូលរួមសកម្មភាពនានារបស់គណបក្ស ជាពិសេស គឺការទៅបោះឆ្នោតគ្រប់ពេលទាំងអស់ ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា ពោលគឺ សមាជិកម្នាក់ ត្រូវសម្លេងគាំទ្រមួយសន្លឹក។
*ទី២៖ សិក្សាស្វែងយល់ពីបុព្វហេតុ ប្រវត្តិបក្ស គោលនយោបាយ និងពីស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា តាមមធ្យោបាយ (Facebook, tick tok, TV ជាដើម)
*ទី៣៖ ប្អូនៗ និងក្មួយៗ គឺយុវជនដែលជាកម្លាំងបន្តវេនគណបក្សទៅថ្ងៃមុខ ត្រូវខិតខំអភិវឌ្ឍសមត្ថភាពជំនាញ មានវិន័យ, ចេះធ្វើការជាក្រុម, មានក្រមសីលធម៌, គុណធម៌, ចរិយាធម៌ និងចេះជួយកិច្ចការសង្គមផ្សេងៗ ព្រមទាំងត្រូវជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយយមុខផ្សេងៗ។
*ទី៤៖ សមាជិកគណបក្សទាំងអស់, ត្រូវចូលរួមដោះស្រាយ និងកែលម្អបញ្ហាខ្វះចន្លោះនានា ព្រមទាំងត្រូវខិតខំបម្រើប្រជាជនឱ្យបានល្អ ពោលគឺមិនមែនចូលបក្ស ដើម្បីបង្កើតបញ្ហាដល់បក្ស និងការថ្នាំងថ្នាក់ និងបង្កអំពើអសកម្មដល់ប្រជាជននោះទេ។
*ទី៥៖ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងបក្ស ដោយគ្មានការរើសអើង រវាងសមាជិកចាស់ និងសមាជិកថ្មី និងសហការជួយគ្នា
*ទី៦៖ ខិតខំការពារគណបក្ស និងធ្វើការវាយបកទៅកាន់ពួកប្រឆាំង និងពួកអគតិ ដែលតែងតែចិញ្ចឹមចិត្ត និងរិះរកគ្រប់មធ្យោបាយ ដើម្បីវាយប្រហារគណបក្សប្រជាជនកម្ពុជា តាមគ្រប់រូបភាព។ ការពារគណបក្សប្រជាជនកម្ពុជា គឺជាការការពារយុត្តិធម៌ និងការពារការអភិវឌ្ឍ។
*ទី៧៖ ក្រុមការងារគណបក្សចុះមូលដ្ឋាន នៅជាមួយបងប្អូនយើងទាំងអស់គ្នា។ យើងរួមសុខរួមទុក្ខជាមួយគ្នា។ យើងខ្ញុំទាំងអស់គ្នានៅទីនេះ ដើម្បីជួយបងប្អូន និងដើម្បីជួយគណបក្សប្រជាជនកម្ពុជា។ សូមកុំរារែក បើមានកិច្ចការអ្វី សូមទាក់ទងមកក្រុមការងារ យើងនឹងដោះស្រាយជាមួយគ្នា។
ជាមួយគ្នានោះ លោក គឹម រស្មី បានប្រគល់នូវអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិកបក្សថ្មី ទាំង១៩០រូប និងបានថតរូបជាអនុស្សារីយ៍ផងដែរ៕