(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានសម្តែងការ​សោក​ស្តាយ និងខកចិត្តចំពោះក្រុមហ៊ុន CS TAN CO., LTD. ដែលជា​ក្រុមហ៊ុន​កែច្នៃស្បែកសត្វជ្រូក នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បាន​បញ្ចេញ​​សំណល់រាវមិនសម្អាតឱ្យត្រឹមត្រូវ ទៅក្នុងទឹកសាធារណៈ​ជាថ្មីទៀត ធ្វើឱ្យប៉ះពាល់បរិស្ថាន ប៉ះពាល់គុណភាពទឹក និងការរស់នៅរបស់​ប្រជាពល​រដ្ឋ។ លោករដ្ឋមន្ត្រីប្រកាសចាត់វិធានការទៅតាមក្រមស្តីពីបរិស្ថាន ដោយ​មិន​លើកលែងនោះឡើយ។

កាលពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារជំនាញក្រសួង​បរិស្ថាន បានរកឃើញម្តងរួចមកហើយនូវសកម្មភាពរបស់រោងចក្រ​ក្រុម​ហ៊ុន CS TAN CO., LTD. ប្រព្រឹត្តល្មើសច្បាប់ ដោយបានបញ្ចេញ​សំណល់​រាវចេញពីរោងចក្រ ចូលព្រែកកន្លង់ និងបានបូមបន្តដើម្បីចាក់ ចូលទៅសមុទ្រ។ ក្រោយការចាត់វិធានការរបស់ក្រសួង​ ក្រុមហ៊ុនបានលុប​ប្រឡាយ​ជីកសម្រាប់បបង្ហូរសំណល់រាវទៅសមុទ្រ។

ស្រាប់តែពេលថ្មីៗនេះ ប្រជាពលរដ្ឋបានឃើញរោងចក្រខាងលើនេះ បន្ត​បញ្ចេញសំណល់រាវមិនសម្អាតឱ្យត្រឹមត្រូវនេះចូលទៅទឹកសាធារណៈទៀតហើយ។ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារសុក្រឹតកម្មបរិស្ថាន បានចុះត្រួតពិនិត្យជាថ្មីទៀតលើទីតាំងក្រុមហ៊ុន CS TAN CO., LTD. នៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយបានពិនិត្យ​ឃើញថា ក្រុមហ៊ុនបានដកទុយោ HDPE ដែលពីមុនបានជីកបង្កប់ក្នុងដី ដើម្បីបង្ហូរសំណល់រាវចេញទៅតំបន់ទឹកធម្មជាតិ (ព្រែកកន្លង់) ដែលស្ថិតនៅ​ចម្ងាយប្រមាណ៧០០ម៉ែត្រ ខាងក្រោយរោងចក្រ ហើយកាយ​ប្រឡាយដី​ជំនួស​វិញ ដើម្បីឱ្យទឹកដក់នៅផ្នែកខ្លះក្បែរទីតាំងក្រុមហ៊ុន ដែលមិនបាន​សម្អាត​ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងលើសស្តងដា ឱ្យបន្តហូរចូល​ព្រែកន្លង់នេះដដែល។

ក្រុមការងារក្រសួងបរិស្ថាន បានដាក់ម៉ាស៊ីនត្រួតពិនិត្យគុណភាពទឹកកន្លែង​បញ្ចេញពីរោងចក្រ និងនៅផ្នែកខ្សែទឹកខាងក្រោម ក្នុងព្រែកកន្លង់ ទឹកមាន​ពណ៌​ខ្មៅនិងមានក្លិនស្អុយដដែល ហើយកំហាប់សារធាតុពុលលើសកម្រិត​ស្តង់ដា។ ក្រុមការងារបានយកសំណាក់ទឹក នៅតាមតំបន់ខាងលើ មក​ពិនិត្យ​ក្នុងមន្ទីរពិសោធន៍នៅរាជធានីភ្នំពេញបន្ថែមទៀតផងដែរ។

ការបង្ហូរកាកសំណល់កខ្វក់ចូលទៅក្នុងទឹកសាធារណៈបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន គុណភាពទឹក និងសុខភាពប្រជាពលរដ្ឋ។ បើគ្មានវិធានការ​ទប់ស្កាត់ទេនោះ សកម្មភាពទាំងខ្វះការទទួលខុសត្រូវលើផ្នែកបរិស្ថាន​ពី​សកម្មភាពទាំងនេះ នឹងធ្វើឱ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់បរិស្ថាននៅកម្ពុជា។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាឱ្យ​ក្រុម​ហ៊ុន CS TAN CO., LTD. បញ្ឈប់ជាបន្ទាន់ ការបង្ហៀរសំណល់រាវ ដែល​ពុំបាន​សម្អាតត្រឹមត្រូវ និងបានបង្កឱ្យមានការបំពុលប្រភពទឹកស្អាត។ លោក​រដ្ឋ​មន្ត្រីក្រសួងបរិស្ថាន បានប្រកាសចាត់វិធានការច្បាប់មិនលើកលែងនោះ​ឡើយ ចំពោះក្រុមហ៊ុននេះ ដោយអនុលោមតាមក្រមបរិស្ថាន និងធនធានធម្ម​ជាតិ។

បើតាមលោករដ្ឋមន្ត្រី សកម្មភាពរបស់ក្រុមហ៊ុន គឺល្មើសទៅនឹងមាត្រា១៥៦ មាត្រា១៦០ មាត្រា២៨៧ មាត្រា២៨៨ មាត្រា២៨៩ មាត្រា២៩០ នៃក្រម​បរិស្ថាន​និងធនធានធម្មជាតិ។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងករណីមិនបញ្ឈប់ការបញ្ចេញ​សំណល់រាវបំពុលតំបន់ទឹកសាធារណៈ និងមិនបានអនុវត្តតាមបទដ្ឋាន​បច្ចេក​ទេស​នៃ​ការ​គ្រប់គ្រងសំណល់រាវឱ្យបានត្រឹមត្រូវ ក្រសួងបរិស្ថាន​នឹងតម្រូវឱ្យក្រុមហ៊ុនផ្អាកសកម្មភាពផលិតកម្មជាបណ្តោះអាសន្ន និង​ឈានទៅ​ឃាត់ខ្លួនម្ចាស់រោងចក្រ សហគ្រាស ដើម្បីចៀសវាងការបង្ហូរ​សំណល់​រាវបង្កឱ្យមានការបំពុលបរិស្ថានជាបន្ត​ទៀត យោងតាមមាត្រា​៨២៤​ និងមាត្រា៨២៥ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលកន្លង​មកបានជួយផ្តល់ព័ត៌មានពាក់ព័ន្ធសកម្មភាពទាំងឡាយធ្វើឱ្យប៉ះពាល់បរិស្ថាន។ សម្រាប់លោករដ្ឋមន្ត្រី ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាចំណែកដ៏​សំខាន់​ណាស់​ក្នុងកិច្ចការពារបរិស្ថាននៅកម្ពុជា។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការទប់​ស្កាត់​ការបំពុលបរិស្ថាន និងផលប៉ះពាល់សុខភាពសាធារណៈ ដែលអាច​កើតចេញពីសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ជាក់ស្តែងនៅក្នុងកម្មវិធី​នយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាឆ្នាំ២០២៣-២០២៨ បានចាត់ទុកការកែទម្រង់ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិជា​ការងារ​អាទិភាព។

ក្នុងសារាចរស្តី​ពី​វិធាន​​ការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់​ទឹកសាធារណៈនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា ការងារតាមដានត្រួត​ពិនិត្យ​ការបំពុលទឹក និងការទប់ស្កាត់ការសាយភាយសារធាតុ​ពុលចូល​ក្នុងបរិស្ថាន ត្រូវបានដាក់បញ្ចូលជាផែនការសកម្មភាពនៃកម្មវិធី​នយោបាយ​សំដៅធានាបាននូវការគាំទ្រដល់ការអភិវឌ្ឍ និងការប្រើប្រាស់ប្រកបដោយ​ចីរភាព ការការពារសុខភាពសាធារណៈ និងជីវៈចម្រុះ។

ក្នុងសារាចរនោះ សម្តេចប្រមុខរាជរដ្ឋាភិបាល បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្តល់កិច្ចសហការដល់​ក្រសួង​បរិស្ថាន ដើម្បីអនុវត្តវិធានការសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១៖ ជំរុញម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលខុសត្រូវនៃរោងចក្រ សហគ្រាស សួនឧស្សាហកម្ម តំបន់ សេដ្ឋកិច្ចពិសេស អាជីវកម្មធនធានរ៉ែ មូលដ្ឋានសុខាភិបាល ទីសត្តឃាត និងមន្ទីរ​ពិសោធន៍ជាដើម ត្រូវបំពាក់ និងដំណើរការប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ និងបំពាក់​ឧប​ករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ ស្របតាមលិខិតបទដ្ឋានគតិយុត្តជា​ធរ​មាន និងមានផែនការ មធ្យោបាយ និងសម្ភារៈបច្ចេកទេសឆ្លើយតបបន្ទាន់​ក្នុងករណី​កើត​មានឧបទ្ទវហេតុការបំពុលទឹក។

២៖ ជំរុញម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលខុសត្រូវនៃអគារអាជីវកម្ម សេវាកម្ម បុរីលំនៅឋាន អគារសហកម្មសិទ្ធិ រមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ ផ្សារទំនើប ឬមណ្ឌល​កម្សាន្តជាដើម ត្រូវបំពាក់ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យស្របតាមស្ដង់ដា​សុវត្ថិភាព​បរិស្ថាន មុននឹងបង្ហូរទៅតំបន់ទឹកសាធារណៈ ឬបង្ហូរចូលបណ្តាញលូសាធារណៈ ដែលភ្ជាប់ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់រួម។

៣៖ ជំរុញការអនុវត្តនិរន្តរភាពកសិកម្ម តាមរយៈការគ្រប់គ្រង ការប្រើប្រាស់ជីកសិកម្ម ថ្នាំ​កសិកម្ម សារធាតុចិញ្ចឹម ឱ្យបានសមស្របតាមលក្ខខណ្ឌសុវត្ថិភាពនិងស្តង់ដាបរិស្ថាន ចៀសវាងការបង្ហូរ ឬលេចជ្រាបសំណល់រាវពីតំបន់កសិកម្ម ដែលបង្កការបំពុល​ដល់​ប្រភព​ទឹកសាធារណៈ។

៤៖ ជំរុញកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែនជាមួយ​បណ្តាប្រទេស​ជិតខាង និងក្នុងតំបន់ និងចូលរួមសហការចាត់វិធានការបន្ទាន់ក្នុងការកាត់បន្ថយ​ការបំពុល​ទឹក​សាធារណៈ ដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

៥៖ ជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមដាននិងគ្រប់គ្រងគុណភាពទឹកសាធារណៈ តាម​រយៈការដំឡើងស្ថានីយតាមដានគុណភាពទឹកស្វ័យប្រវត្ត កសាងមជ្ឈមណ្ឌលគ្រប់​គ្រងទិន្នន័យគុណភាពទឹកសាធារណៈ និងបំពាក់រថយន្តតាមដានគុណភាពទឹក​សា​ធារ​ណៈ​​ចល័ត។

៦៖ ជំរុញការសិក្សាស្រាវជ្រាវផ្នែកបរិស្ថានទឹក ផលប៉ះពាល់នៃការបំពុលទឹកដល់សុខភាព​សាធារ​ណៈ ជីវៈចម្រុះ និងសេដ្ឋកិច្ច និងការស្ដារគុណភាពទឹកដែលទទួលរងការបំពុល។

៧៖ ជំរុញលើកកម្ពស់ការយល់ដឹង និងបំផុសការចូលរួមពីសាធារណជន ក្នុងកិច្ចគាំពារ​គុណ​ភាពទឹកសាធារណៈ តាមរយៈការរៀបចំវេទិកាសាធារណៈ ការផ្សព្វផ្សាយសារ ឬ​ភាព​យន្តអប់រំខ្លី៕