(ព្រះសីហនុ)៖ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ បានស្នើលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យជួយសាងសង់ផ្លូវមកកាន់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុបន្ថែមទៀត និងជំរុញការផ្តល់ប្រាក់កម្ចី សាងសង់កំពង់ផែឲ្យបានឆាប់ ខណៈពេលនេះបរិមាណទំនិញឆ្លងកាត់កំពង់ផែ ក្រុងព្រះសីហនុ បានកើនឡើងជាលំដាប់។
ការស្នើឡើងបែបនេះ ខណៈពេលដែលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងគណៈប្រតិភូថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក កម្មករ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នារសៀលថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០១៦នេះ ។
លោក លូ គឹមឈន់ បានបញ្ជាក់ឲ្យដឹងថា ដោយពិនិត្យឃើញថា បរិមាណទំនិញឆ្លងកាត់កំពង់ផែមានការកើនឡើងជាលំដាប់ធ្វើអោយកំពង់ផែត្រូវធ្វើការអភិវឌ្ឍ បន្ថែមទៀតនូវកំពង់ផែទឹកជ្រៅ ដែលផ្តល់ឱកាសឲ្យនាវាធំៗចូលបានប្រហែលជិត១០០% រួមនឹងទីលានកំពង់ផែសំរាប់ស្តុកកុងតឺន័រជាដើម ប៉ុន្តែទន្ទឹមនិងនោះ កំពង់ផែក៏សូមទាមទារឲ្យក្រសួងធ្វើការកសាងផ្លូវតភ្ជាប់ ពីតំបន់ប៉ែកខាងលិច ដូចជាខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ជាដើមងាយស្រួលក្នុងការដឹក ជញ្ជូនទំនិញមកកាន់កំពង់ផែ ដើម្បីកាត់បន្ថយការចំណាយ ងាយស្រួលក្នុងការប្រកួតប្រជែងតំលៃជាមួយកំពង់ផែប្រទេសនានាក្នុងតំបន់៕