(ភ្នំពេញ)៖ ដោយមើលឃើញពីសុខទុករបស់ប្រជាពលរដ្ឋមួយគ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យឆាបឆេះ អស់ទាំងផ្ទះ និងទ្រព្យសម្បត្តិទាំងស្រុងផងនោះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នាល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ បានណែនាំឲ្យប្រធានសមាគមន៍នារីខណ្ឌ លោកស្រី អាន ផល្លា និងជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហម កម្ពុជាខណ្ឌ ដឹកនាំក្រុមការងារបណ្ដាញនារីខណ្ឌ-សង្កាត់គីឡូម៉ែត្រលេខ៦ ដើម្បីចុះសាកសួរសុខទុក្ខ ដោយនាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិការមួយចំនួន ដែលជាអំណោយ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីមកផ្ដល់ជូន ក្នុងការជួយសម្រាលនូវទុក្ខលំបាកមួយចំនួន។
លោកស្រី អាន ផល្លា ប្រធានសមាគមន៍នារីខណ្ឌ និងជាអនុប្រធានកិត្តិយសអនុសាខា គណៈកម្មាធិការកាកបាទក្រហម កម្ពុជាខណ្ឌ បានថ្លែងថា ការចុះសួរសុខទុក្ខនេះ គឺមានការ មើលឃើញជាក់ស្ដែងពី លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីឲ្យក្រុមការងារបណ្ដាញនារីខណ្ឌ និងអនុសាខាកាក បាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ បានយកនូវអំណោយទាំងនេះមកផ្ដល់ជូន ក្នុងបំណងជួយសម្រាលបញ្ហាមួយចំនួន សម្រាប់ក្រុមគ្រួសារដែលរងគ្រោះដោយសារអគ្គិភ័យ ហើយសម្តេចតែងតែគិតគូពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ដោយមិនប្រកាន់ពូជសាសនឫនិន្នាការ នយោបាយឡើយ ហើយអ្វីដែលសំខាន់ ជាងនេះទៅទៀតនោះ សូមកុំអស់សង្ឃឹម កុំតូចចិត្ត នឹងជីវិត មានជីវិតត្រូវតែតស៊ូ ត្រូវប្រឹងប្រែងឡើងវិញ ដើម្បីប្រពន្ធកូនក្រុមគ្រួសារ។
សូមបញ្ជាក់ថា អំណោយដែលអនុគណៈកម្មាធិការកាកបាទក្រហមកម្ជុជាខណ្ឌឫស្សីកែវ បានយកមកចែកជូននាពេលនេះ រួមមាន អង្ករ៨០គីឡូក្រាម មី១កេស ត្រីខ១យួរ (ស្មើរ១០កំប៉ុង) ឃីត១ (មានក្រម៉ា១ សារុង១ មុង១ ភួយ១) តង់១ ចានដែកធំ១ បំពង់ទឹកក្ដៅ១ ធុងទឹកកក១ កន្ទេល ២ ឆ្នាំង២ កំសៀវទឹក១ ខ្ទះ១ អាយឺត១ ទឹកក្រូច១កេស ទឹកបរិសុទ្ធ១យួរ និងថវិកា ១សែនរៀល។ បន្ថែមពីនេះ សមាគមន៍នារីខណ្ឌក្រោមការដឹកនាំពី លោកស្រី អាន ផល្លា ក៏បានចូលរួមឧបត្ថម្ភនូវថវិកា ១សែនរៀល និងលោកស្រី សុខ ដេម៉ា ប្រធានសមាគមន៍នារីសង្កាត់គីឡូម៉ែត្រលេខ៦ ចូលរួម១សែនរៀល លោកស្រី ខៀវ ណាវឿន ជាសមាជិកក្រុមប្រឹក្សាសង្កាត់ ចូលរួម២ម៉ឺនរៀលផងដែរ។
សូមរំលឹកថា នៅវេលាម៉ោងប្រមាណជា៨៖៣០នាទី ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ មានគ្រោះអគ្គិភ័យបានឆាបឆេះ លេបត្របាក់ផ្ទះ ប្រជាពលរដ្ឋមួយខ្នងរួមទាំងទ្រព្យសម្បត្តិទាំងស្រុង ដែលសាងសង់ឡើងពីថ្មក្រោម ឈើលើប្រក់ស័ង្កសី មានទំហំ ៤ម៉ែត្រ គុណ១២ម៉ែត្រ នៅចំណុចក្បែរបុរី SKD ផ្លូវបេតុង ស្ថិតក្នុងក្រុមទី៩ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ដោយម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ប្រាក់ ប្រាថ្នា អាយុ៣៣ឆ្នាំ មុខរបរជាមន្ត្រីប៉ូលីសនៅនាយកដ្ឋានអង្ករក្ស រស់នៅជាមួយប្រពន្ធ និងមានកូនប្រុសស្រី៣នាក់ក្នុងបន្ទុក៕