(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ស្អែកនេះ នឹងអញ្ជើញទៅសំណេះសំណាលជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តកណ្តាល ដើម្បីស្វែងយល់បន្ថែមពីសុខទុក្ខ និងបញ្ហាប្រឈមក្នុងការអនុវត្តន៍ការងារ។ កិច្ចសំណេះសំណាលនេះ ក៏ដើម្បីជំរុញការអនុវត្តន៍ការងាររបស់មន្រ្តី និងកងកម្លាំងប្រដាប់អាវុធខេត្តកណ្តាលឲ្យកាន់តែល្អប្រសើរថែមទៀត ក្នុងការបម្រើប្រជាពលរដ្ឋក្នុងខេត្តកណ្តាល។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ដើម្បីបានស្វែងយល់ពីបញ្ហា និងការអនុវត្តន៍ការងាររបស់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធតាមបណ្តាខេត្តនោះ កាលពីខែកក្កដា ឆ្នាំ២០១៦ ពីខេត្តបាត់ដំបង សម្តេចតេជោ បានប្រកាសដាស់ចេញយុទ្ធនាការចុះជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធតាមបណ្តាខេត្តដោយផ្ទាល់តែម្តង។
ខេត្តកណ្តាល ជាខេត្តទី២២ ហើយ ដែលសម្តេចតេជោ បានអញ្ជើញចុះទៅដល់ និង ជួបសំណេះសំណាលដោយផ្ទាល់ជាមួយមន្រ្តីរាជ ការ និងកងកម្លាំងប្រដាប់អាវុធ។ នៅសល់ខេត្តតែ ៣ទៀតប៉ុណ្ណោះ ដែលសម្តេចតេជោ មិនទាន់បានចុះទៅរួមមានខេត្តកោះកុង ព្រៃវែង និង ស្វាយរៀង។
ក្នុងឱកាសចុះសំណេះសំណាលជាមួយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដោយធ្វើដំណើរតាមរថយន្តនេះ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបានឈ្វេងយល់ពីសុខទុក្ខ និងបញ្ហារបស់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធតាមបណ្តាខេត្តនោះទេ តែសម្តេចក៏ បានពិនិត្យឃើញដោយផ្ទាល់ពីដំណើរការអភិវឌ្ឍតាមបណ្តាខេត្តនីមួយៗ រួមទាំងការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។
តាមរយៈដំណើរនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានជាច្រើន ជាពិសេសនោះ គឺការដោះស្រាយ បញ្ហាខ្វះខាតអគារសិក្សារបស់សិស្សានុសិស្សនៅតាមបណ្តាខេត្តតែម្តង។ គ្រប់ខេត្ត ដែលសម្តេចនាយករដ្ឋមន្រ្តី បានទៅដល់អគារសិក្សា អគារទីចាត់ការ អគារស្នាក់នៅរបស់គ្រូ សិស្ស និង តារាងបាល់ទាត់ បាល់ទះ បាល់បោះ ត្រូវបានសម្តេចតេជោ សម្រេចសាងសង់ជូន សិស្សជាបន្តបន្ទាប់។
អគារសិក្សា អគារទីចាត់ការ អគារស្នាក់នៅរបស់គ្រូ និងសិស្សសរុបជាង ២០០ខ្នង ស្មើនិងជាង ៣ពាន់បន្ទប់ហើយ ត្រូវបានសម្តេចសាងសង់បំពេញតម្រូវការអប់រំរបស់សិស្សានុសិស្សនៅតាមដែនដីជនបទ ដែលក្នុងនោះរួមមានទាំងដែនដីអតីតសមរភូមិប្រយុទ្ធដ៏ក្តៅ គគុកដូចជាឧត្តរមានជ័យ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យផងដែរ៕