(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឲ្យដឹងថា លោកបានសម្រេចបង្កើតអគ្គនាយកដ្ឋានចំនួន ៤បន្ថែមទៀត នៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើឲ្យប្រព័ន្ធការងារក្នុងក្រសួង កាន់តែល្អប្រសើរ ជាពិសេសដើម្បីពង្រឹងប្រសិទ្ធភាពការងារតែម្តង។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថ្លែងបញ្ជាក់ដូច្នេះក្នុងពេលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ។

បើតាមលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អគ្គនាយកដ្ឋានដែលលោកសម្រេចបង្កើតថ្មីនោះរួមមាន៖
១. អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ
២. អគ្គនាយកដ្ឋាន បច្ចេកទេស
៣. អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ
៤. អគ្គនាយកដ្ឋានភស្តុភារកម្ម  ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់បន្ថែមថា ការសម្រេចនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចុះហត្ថលេខារួចរាល់អស់ហើយ៕