(ភ្នំពេញ)៖ បន្ទាប់ពីម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យកម្លាំងប្រដាប់អាវុធ អនុវត្តវិធានការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងឃាត់ខ្លួនម្ចាស់បើកល្បែងខុសច្បាប់ ពិសេសអ្នកកាងពីក្រោយ រួមទាំងអ្នកឃុបឃិត មកផ្តន្ទាទោសតាមច្បាប់នោះ នៅរយៈពេលប៉ុន្មានថ្ងៃនេះគេសង្កេតឃើញថា កម្លាំងនគរបាលតាមបណ្តាខេត្តមួយចំនួន បានបើកប្រតិបត្តិការជាបន្តបន្ទាប់ លើការចុះទៅបង្ក្រាបល្បែងស៊ីសងទាំងនេះនៅតាមមូលដ្ឋាន។
យ៉ាងណាក៏ដោយ សម្រាប់រាជធានីភ្នំពេញ ត្រូវបានគេមើលឃើញថា ល្បែងស៊ីសងជាពិសេសកន្ទុយលេខនេះតែម្តង មានការលួចបើកលេងយ៉ាងច្រើន និងមានគ្រប់រូបភាពតែម្តង ហើយសមត្ថកិច្ចមូលដ្ឋានខ្លះ ចេះតែបិតភ្នែកទៅ ពីព្រោះទាំងនេះជាប្រភពចំណូលមួយផ្នែកសម្រាប់ការងារ និងជីវភាពប្រចាំថ្ងៃ។ ដូច្នេះប្រជាពលរដ្ឋសូមឲ្យកម្លាំងសមត្ថកិច្ច នៅតាមមូលដ្ឋានជួយបន្តអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ ឲ្យមានប្រសិទ្ធភាពផង ដើម្បីចូលរួមការប្រតិបត្តិ គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលខ្លាំងឡើង។
សម្រាប់ល្បែងកន្ទុយលេខ ឬហៅថា «ចាក់ឆ្នោតវៀតណាម»នោះ នៅរាជធានីភ្នំពេញ មានលួចបើកកន្លែងដោយខ្លះយករូបភាពអាជីវកម្មបិទមុខ ដើម្បីកុំឲ្យសមត្ថកិច្ចដឹង។
ជាក់ស្តែងកន្លែង ឱសថថស្ថានមួយកន្លែង មានឈ្មោះថា «ពិភពឱសថ» មានទីតាំងស្ថិតនៅ225B ផ្លូវលេខ93 សង្កាត់ស្រះចក ខណ្ឌដូនពេញ មើលទៅជាកន្លែងលក់ថ្នាំពេទ្យ តែកុំភ្លេចនៅខាងក្នុង ម្ចាស់ទីតាំងដែលមានឈ្មោះ ម៉េង សូឡា បានលួចបើកល្បែងចាក់កន្ទុយលេខ ដោយមួយថ្ងៃៗ មានអ្នកទៅចាក់ជាច្រើននាក់។
ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំង ឱសថស្ថានខាងលើ បានឲ្យដឹងថា «កន្លែងលក់ថ្នាំហ្នឹង គេលួចបើកយូរហើយ ស្លាកលក់ថ្នាំពេទ្យទេ តែខាងក្នុងគេចាំទទួលចាក់ឆ្នោត គ្រប់ពេលហ្នឹង តែសមត្ថកិច្ចមិនដែលឃើញចុះមកបង្ក្រាបផង»។ នេះគ្រាន់តែជារូបភាពមួយនោះទេ ដែលគេបានលួចបើកល្បែងស៊ីសង ជាពិសេសឆ្នោតវៀតណាមនេះ ខណៈកន្លែងផ្សេងទៀត បានលើកស្លាកដូរលុយ និងបម្រើសេវា Internet ក៏មាន។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ សម្តេចក្រឡាហោម បានបញ្ជាក់ថា នៅកម្ពុជាល្បែងស៊ីសងមាន២សណ្ឋាន រួមមាន ល្បែងស៊ីសងស្របច្បាប់ និងល្បែងស៊ីសង មិនស្របច្បាប់។ មន្ត្រីកងកំលាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ដែលបង្កការប៉ះពាលដល់សណ្តាប់ធ្នាប់ សាធារណៈ សីលធម៌សង្គម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។
សម្តេចក្រឡាហោម បានថ្លែងទៀតថា ល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួចបើក និងបានបើកជាចំហរ នៅតាមមូលដ្ឋានកន្លង មកមានដូចជា ល្បែងជ្រកក្រោមស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់បាល់ ភ្នាល់អនឡាញ ល្បែងអ៊ិនធ័រណែត២៤ម៉ោង ឆ្នោតកន្ទុយលេខខុសច្បាប់ ល្បែងជល់មាន់ ល្បែងភា្នលទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានាទៀត ដែលជ្រកក្រោមល្បែងក្មេងលេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង៕