(ភ្នំពេញ)៖ អេស ស៊ី ជី ដែលជាក្រុមហ៊ុនដ៏ធំមួយក្នុងតំបន់អាស៊ាន បានបញ្ចេញរបាយការណ៍លទ្ធផលអាជីវកម្មត្រីមាសទីបី និងប្រាំបួនខែដំបូងនៃឆ្នាំ ២០១៦ សម្រាប់ប្រទេសកម្ពុជា និងតំបន់អាស៊ានទាំងមូល ។
ដោយផ្អែកលើរបាយការណ៍ត្រីមាសទី៣ ឆ្នាំ២០១៦ នៅកម្ពុជា ក្រុមហ៊ុន អេសស៊ីជី កាន់កាប់ទ្រព្យសកម្មសរុប ស្មើនឹងចំនួនទឹកប្រាក់ ១,២៩៤,០១០ លានរៀល (៣១៧ លានដុល្លារ) ដែលជាការកើនឡើង ៧% ធៀបនឹងឆ្នាំមុន ។ ចំណែក ប្រាក់ចំណូលពីការលក់នៅកម្ពុជា គឺមានចំនួនទឹកប្រាក់ ១៩២,០២២ លានរៀល (៤៨ លានដុល្លារ) ដែលជាការកើនឡើង ២៩% ធៀបនឹងឆ្នាំមុន ដែលភាគច្រើនទទួលបានពីអាជីវកម្មស៊ីម៉ង់ត៍ ហើយសម្រាប់រយៈពេល ៩ខែដើមឆ្នាំនេះ ប្រាក់ចំណូលពីការលក់សរុបនៅកម្ពុជា មានចំនួនទឹកប្រាក់ ៥៨៦,៧៩៥ លានរៀល (១៤៥ លានដុល្លារ) ។
សម្រាប់ទិន្នន័យកម្រិតតំបន់អាស៊ានទាំងមូល លទ្ធផលប្រតិបត្តិការបង្ហាញថា មានការកើនឡើងនៃប្រាក់ចំណេញ ដោយសារការស្ទុះងើបឡើងវិញនៃឧស្សាហកម្មគីមីឥន្ធនៈ បូកផ្សំនឹងតម្រូវការសម្ភារៈសំណង់នៅក្នុងតំបន់អាស៊ានបន្តកើនឡើងជាលំដាប់ ។
លោក Roongrote Rangsiyopash ប្រធាន និងអគ្គនាយកក្រុមហ៊ុន អេសស៊ីជី បានបង្ហាញក្នុងសន្និបាទក្រុមហ៊ុនថា សម្រាប់តំបន់អាស៊ានទាំងមូល ប្រាក់ចំណេញសម្រាប់ការីបរិច្ឆេទនេះ មានចំនួនទឹកប្រាក់ ១,៦៥៧,៧៦៥ លានរៀល (៤០៤ លានដុល្លារ) ដែលកើនឡើង ៥៧% បើធៀបនឹងឆ្នាំមុន ដោយសារអាជីវកម្មសារធាតុគីមីបន្តមានដំណើរការល្អ ។ប្រាក់ចំណេញរបស់ក្រុមហ៊ុន អេសស៊ីជី ទាំងមូល សម្រាប់រយៈពេល ៩ខែ ក្នុងឆ្នាំ២០១៦នេះ មានចំនួន ៤,៩៩៣,០៥៣ លានរៀល (១,២៣៧ លានដុល្លារអាមេរិក) ដែលជាការកើនឡើង ២៨% បើធៀបនឹងឆ្នាំមុន ដែលជំរុញយ៉ាងខ្លាំងក្លាដោយអាជីវកម្មសារធាតុគីមី ដែលកំពុងរីកចំរើន ។
លោកបន្តថា អាជីវកម្មសារធាតុគីមីរបស់យើងបន្តរីកចំរើន ដោយសារមានការស្ទុះងើបឡើងវិញនៃឧស្សាហកម្មគីមីឥន្ធនៈ តែទោះជាយ៉ាងណា ទីផ្សារផលិតផលស៊ីម៉ងត៍ក្នុងប្រទេសថៃមិនសូវល្អនោះទេ ដោយសារភ្លៀងធ្លាក់ច្រើនជាងធម្មតា បើធៀបទៅនឹងឆ្នាំមុន តែទោះជាយ៉ាងនេះក្តី តម្រូវការស៊ីម៉ងត៍នៅក្នុងតំបន់អាស៊ានបន្តកើនឡើង ដោយសារតែការការរីកលូតលាស់នៃវិស័យសំណង់ និងអចលនទ្រព្យក្នុងតំបន់ ។ ផែនការវិនិយោគរបស់ក្រុមហ៊ុនសម្រាប់ទីផ្សារបរទេស ប្រព្រឹត្តិទៅស្របតាមគ្រោងការល្អណាស់។ រោងចក្រផលិតស៊ីម៉ងត៍នៅប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមសាកល្បងប្រតិបត្តិការហើយ ដោយរំពឹងថានឹងចាប់ផ្តើមធ្វើប្រតិបត្តិការពេញលេញនៅក្នុងត្រីមាសទីបួននៃឆ្នាំនេះ។ ចំណែករោងចក្រស៊ីម៉ងត៍នៅប្រទេសឡាវ ក៏រំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការពេញលេញនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០១៧ ផងដែរ ។
គួរបញ្ចាក់ផងដែរថា គិតត្រឹមថ្ងៃទី៣០ កញ្ញា ឆ្នាំ២០១៦ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន អេសស៊ីជី គឺស្មើនឹងទឹកប្រាក់ ៦២,១៦៤,១៥៩ លានរៀល (១៥,២២៥ លានដុល្លារ) ខណៈដែលទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុននៅក្នុងតំបន់អាស៊ាន (លើកលែងប្រទេសថៃ) មានចំនួនទឹកប្រាក់ ១៤,២៩៤,០៣៦ លានរៀល (៣,៥០១ លានដុល្លារ) ស្មើនឹង ២៣% នៃទ្រព្យសកម្មប្រមូលផ្តុំសរុបរបស់ក្រុមហ៊ុន ។
ទាក់ទងនឹងសកម្មភាពសង្គមនៅកម្ពុជា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន អេស ស៊ី ជី បានរៀបចំកម្មវិធីប្រគល់រង្វាន់អាហារូបករណ៍ “អេស ស៊ី ជី ចែករំលែកក្តីសុបិន្ត” ដែលបានអនុវត្តជាប់គ្នាបីឆ្នាំរួចមកហើយ ក្នុងប្រទេសកម្ពុជា ដោយឆ្នាំនេះក្រុមហ៊ុនបានផ្តល់រង្វាន់អាហារូបករណ៍ទៅដល់សិស្សវិទ្យាល័យចំនួន ២០០នាក់ មកពីរាជធានី និងខេត្តកំពត ដែលក្រុមហ៊ុនមានប្រតិបត្តិការ ៕