(កណ្តាល)៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ក្រុមអធិការកិច្ចក្រសួងរ៉ែ និងថាមពល ដឹកនាំដោយលោក ឌិត ទីណា រដ្ឋលេខាធិការ និងឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ អគ្គស្នងការដ្ឋាន នគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានចុះប្រតិបត្តិការល្បាតចល័ត ត្រួតពិនិត្យរថយន្តដឹកដី ថ្ម ខ្សាច់ ដែលខុសបច្ចេកទេស មិនគ្របឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ ក្រសួងរ៉ែនិងថាមពល ធ្វើឲ្យជ្រុះរាយប៉ាយលើដងផ្លូវ និងរំខានដល់ការរស់នៅ របស់ប្រជាពលរដ្ឋ និងផលប្រយោជន៍សាធារណៈ។
ក្នុងការចុះប្រតិបត្តិការនោះដែរ ក្រុមការងារក៏បានពិនិត្យ រថយន្តមិនមានខណៈបច្ចេកទេសគ្រប់គ្រាន់ សំបកកង់សឹករិចរិល សំពីង សសំពោង វិញ្ញាបនបត្រត្រួត ពិនិត្យលក្ខណៈច្ចេកទេស និងប្រកបអាជីវកម្ម និងបណ្ណបើកបរផងដែរ។
ក្នុងប្រតិបត្តិការនេះ នគរបាលចរាចរណ៍ រួមជាមួយក្រសួងរ៉ែ និងថាមពល បានឃាត់រថយន្តដឹក ថ្ម ខ្សាច់ចំនួន ១០គ្រឿងធ្វើការអប់រំណែនាំ កែតម្រូវ និងពិន័យតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រង់មាត្រា៥៦ មាត្រា៥៧ និងមាត្រា៦៦។ ជាមួយនោះដែរ ក្រសួងរ៉ែនិងថាមបានសម្រេចផ្អាក សកម្មភាពដេប៉ូលក់ខ្សាច់ចំនួន ៦កន្លែង នៅស្រុកស្អាង ខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ រុន រ័ត្នវសនា ក្នុងនាមនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សូមអំពាវនាវដល់បងប្អូនអជីវករដឹកដី ថ្ម ខ្សាច់ គ្រួស សូមចូលរួមគោរពច្បាបស្តីចរាចរណ៍ផ្លូវគោក និងអនុវត្តតាមការណែនាំរបស់ក្រសួងរ៉ែនិងថាមពល៕