Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីចុះសួរសុខទុក្ខពលការិនីខ្មែរ ដែលរងរបួសជើង ដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃ (Video inside)

03-04-2025 17:01

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៥លានរៀលរួមជាមួយផ្លែឈើ និងភេសជ្ជៈចំនួន២កន្ត្រក ជូនពលការិនី ឈ្មោះ សឿន សំណាង អាយុ ៤៤ឆ្នាំ បន្ទាប់ពីពលការិនីរូបនេះ បានជួបគ្រោះថ្នាក់រងរបួសជើង ដោយសារគ្រោះរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

ជនរងគ្រោះខាងលើបានត្រលប់មកស្រុកកំណើតវិញ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ បច្ចុប្បន្ននេះ គាត់ត្រូវបានបញ្ជូនមកសម្រាកព្យាបាល បន្តនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោក យូ ឡាណា បានមានប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរយ៉ាងក្រៃលែងជាមួយសុខទុក្ខ របស់ពលករខ្មែរ ដែលរងគ្រោះក្នុងគ្រោះរញ្ជួយដីនេះ។

លោកបានគូសបញ្ជាក់ថា «បន្ទាប់ពីទទួលដំណឹងភ្លាមៗ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្វីត្បិតសម្តេចមានទុក្ខធុរក្នុងគ្រួសារក៏ពិតមែន ប៉ុន្តែសម្តេចបានចាត់ឱ្យក្រុមការងារឱ្យចុះជួបដោយផ្ទាល់សួរសុខទុក្ខអ្នករបួស និងនាំយកថវិកាចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពក្នុងគ្រោះរញ្ជួយដីក្នុងប្រទេសថៃ ទៅដល់ខ្នងផ្ទះនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃម្សិលម៉ិញនេះផងដែរ»

ទន្ទឹមនឹងនេះ លោកអគ្គលេខាធិការរងទី២ បានជូនពរ ពលការិនី សឿន សំណាង ឆាប់បានជាសះស្បើយ និងមានសុខភាពល្អមាំមួនឡើងវិញ៕