(កណ្តាល)៖ លោកបណ្ឌិត គុណ ញឹម អនុប្រធានគណៈពង្រឹងមូលដ្ឋាន ស្រុកខ្សាច់កណ្តាល និងជាប្រធានគណៈកម្មាធិការ សាខាបក្សនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោកស្រី ព្រមទាំងសហការី តំណាងលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានសម្របសម្រួលរៀបចំកម្មវិធីពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃ ជូនបង-ប្អូនប្រជាពលរដ្ឋ អញ្ជើញមកពីឃុំចំនួន៣ នៃស្រុកខ្សាច់កណ្តាល គឺឃុំស្វាយរមៀត កោះចូរ៉ាម និងតាឯក។
កម្មវិធីនេះសហការរៀបចំឡើង នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ នៅសាលាអនុវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន កោះចូរ៉ាម ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយក្រុមការងារគណៈពង្រឹង មូលដ្ឋានស្រុកខ្សាច់កណ្តាល ទទួលបន្ទុកសម្របសម្រួលឃុំ និងអង្គការ Rose Charities Cambodia សហការជាមួយអង្គការ ABC Tissue Vision Australia។
លទ្ធផលនៃការពិនិត្យ និងព្យាបាលរួមមាន៖ ពិនិត្យ និងព្យាបាលអ្នកមានបញ្ហាជំងឺភ្នែកសរុប ៣៩៥នាក់ (ក្នុងនោះស្រី២៥៦នាក់), ត្រូវបញ្ជូនទៅធ្វើការវះកាត់ ចំនួន៧៩នាក់, ចែកជូនវ៉ែនតាកាពារពន្លឺថ្ងៃចំនួន៤០វ៉ែនតា, ចែកជូនថ្នាំបន្តក់សំរាប់ ព្យាបាលភ្នែកចំនួន២៩៤ដប។
សូមជម្រាបជូនផងដែរថា កម្មវិធីពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ដោយឥតគិតថ្លៃនេះធ្លាប់ បានព្យាបាលជូនប្រជាពលរដ្ឋ នៃស្រុកខ្សាច់កណ្តាលចំនួន៤ឃុំ គឺឃុំព្រែកអំពិល ពុកប្ញស្សី ព្រែកលួង ព្រែកតាកូវ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ កន្លងមកនេះផងដែរ៕