(ប៉ៃលិន)៖ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មថៃ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ បានជួបប្រជុំពិភាក្សាការងារស្តីពី ការនាំចេញនាំចូលផសិផល កសិផលទៅកាន់ទីផ្សាក្រៅប្រទេស ឲ្យបានរលូន។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិន និងលោក និយម ផៃរ៉ាណា អនុប្រធានសភាពាណិជ្ជកម្ម នៃប្រទេសថៃ និងប្រធាន អនុប្រធាន សភាពាណិជ្ជកម្មទាំង១៤ច្រកជាប់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងប្រតិភូសភាពាណិជ្ជកម្មថៃ ជាច្រើននាក់ផងដែរ។ កិច្ចប្រជុំបានពិភាក្សា និងលើកឡើងពី បញ្ហាប្រឈមនៃការនាំចេញកសិផលទៅកាន់ទីផ្សាក្រៅប្រទេស ដើម្បីធ្វើការដោះស្រាយរួមមានដូចជា៖ ១-ការធ្វើវិនិ្នយោគកែឆ្នៃផលិតផល កសិផលតាមបណ្តោយព្រំដែនទាំង១៤ច្រក ទី២-ការជំរុញវិនិ្នយោគរវាងកម្ពុជា និងថៃតាមព្រំដែន ឲ្យបានប្រសើឡើង ទី៣-ការសំរួលពាណិជ្ជកម្ម តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ទី៤-ការដឹកជញ្ជូនកសិផលទៅក្រៅប្រទេស និងនាំចូលទៅប្រទេសថៃ ឲ្យបានសមស្របតាម កិច្ចព្រមព្រៀងពាណិជ្ជកម្ម ទី៥-ការពង្រឹងកិច្ចសហប្រតិ្តបតិការរវាងកម្ពុជា-ថៃ លើវិស័យទេសចរណ៍ឲ្យបានល្អ ទី៦-ស្នើសុំរដ្ឋាភិបាលទាំងពីរកម្ពុជា-ថៃ ពន្យាពេលបើកច្រកអន្តរជាតិ ឲ្យដល់ម៉ោង១២យប់ និងទី៧-យោគយល់ផលិតផលកសិផលរបស់កម្ពុជា ឲ្យនាំចូលប្រទេសថៃ បានដោយរលូត។
ក្នុងនោះដែរ លោក និយម ផៃរ៉ាណា អនុប្រធានសភាពាណិជ្ជកម្មថៃ បានថ្លែងថា កិច្ចប្រជុំនៅពេលនេះ គឺដើម្បីសហការសាមគ្គីរវាងកម្ពុជា-ថៃ និងពិភាក្សាការងារស្តីពី ការនាំ ចេញនាំចូលកសិផល និងផលិតផលទៅក្រៅប្រទេស ឲ្យមានភាពរលូន ដែលបញ្ហានេះសភាពាណិជ្ជកម្មថៃ-កម្ពុជា ត្រូវរិះរកគ្រប់មធ្យោបាយ ដើម្បីឆ្លើយតបលើបញ្ហាប្រឈមទាំងអស់នោះ យកទៅដោះស្រាយឲ្យបានសមស្របទៅតាមនិតិវិធី។ លោក បន្តថា សភាពាណិជ្ជកម្មកម្ពុជា-ថៃ ត្រូវយកចិត្តទុកដាក់ពី បញ្ហាដែលលើកឡើងខាងលើនេះ ហើយត្រូវធ្វើសំណើទៅរដ្ឋាភិបាលរបស់ខ្លួន ដើម្បីរកដំណោះស្រាយឲ្យបានសមស្រប និងទទួលបានប្រសិទ្ធិភាព។
ជាមួយគ្នានេះដែរ លោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិន បានសម្ដែងនូវការកោតសរសើរ ដល់លោក និយម ផៃរ៉ាណា អនុប្រធានសភាពាណិជ្ជកម្មថៃ និងប្រតិភូ ដែលបានជួបប្រជុំពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំខេត្ត និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា ពេលនេះ គឺបង្ហាញពីកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ធ្វើយ៉ាងរកដំណោះស្រាយ ក្នុងនាំចេញនាំចូលកសិផល និងផលិតផលទៅក្រៅប្រទេស ឲ្យទទួលបានប្រសិទ្ធិភាព។
លោកស្រី បញ្ជាក់ថា សភាពាណិជ្ជកម្មទាំង១៤ច្រកនៃកម្ពុជា នឹងខិតខំយកចិត្តទុកដាក់ សហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មថៃ ដើម្បីឲ្យការនាំ ចេញនាំចូលកសិផល និងផលិតផលទៅកាន់ទីផ្សាក្រៅប្រទេសបានល្អ និងសមស្របទៅតាមបទដ្ឋានគតិយុទ្ធ និងបច្ចេកទេស។ លោកស្រី បន្ដថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា មានគោលនយោបាយបើកទីផ្សារទូលាយ ដោយផ្តល់ឱកាសក្នុងការនាំចេញ កសិផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សាក្រៅប្រទេស ឲ្យបានទូលំទូលាយដើម្បី ផ្តល់ការងារ និងលើកកម្ពស់ជីវភាពរស់នៅ ប្រជាពលរដ្ឋឲ្យប្រសើរឡើង៕