ប្រធានរដ្ឋសភាកម្ពុជា ផ្ញើសាររំលែកទុក្ខជូន នាយករដ្ឋមន្ត្រីឡាវ ចំពោះមរណភាពឪពុកបង្កើត
03-04-2025 14:36
(ភ្នំពេញ)៖ ប្រធានរដ្ឋសភាកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានផ្ញើសាររំលែកទុក្ខជូន ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចំពោះមរណភាពឪពុកបង្កើត នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។
សាររំលែកទុក្ខបានញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានសេចក្តីសោកសង្រេងយ៉ាងក្រៃលែងជាទីបំផុត ដោយបានទទួលដំណឹងមរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន អតីតប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម នៅព្រឹកម្សិលមិញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥»។
ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះ ឯកឧត្តម និងក្រុមគ្រួសារ ព្រមទាំងបក្សប្រជាជនបដិវត្តន៍ឡាវ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចំពោះការបាត់បង់ដ៏ធំធេងនេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន បានបន្សល់ទុកនូវកេរ្តិ៍មរតកនៃការលះបង់ដ៏មានតម្លៃ ក្នុងបុព្វហេតុ នៃឯករាជ្យជាតិ វឌ្ឍនភាព និងសុខុមាលភាពរបស់ប្រជាជនឡាវ។ យើងខ្ញុំនៅកម្ពុជា តែងតែចងចាំ ឯកឧត្តម នាយឧត្តមសេនីយ៍ ក្នុងនាមជាមិត្ត និងឥស្សរជនដ៏សំខាន់របស់កម្ពុជា ដែលបានរួមចំណែកក្នុងកសាងនូវចំណងមិត្តភាព និងសាមគ្គីភាពយ៉ាងរឹងមាំ និងយូរអង្វែងសម្រាប់ប្រជាជាតិយើងទាំងពីរ៕