(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែតុលានេះ បានអញ្ជើញ បើកសិក្ខាសាលា ស្តីពីសុខភាពផ្លូវចិត្ត និងគ្រឿងញៀន សម្រាប់គ្រូពេទ្យព្យាបាល និងគិលានុបដ្ឋាក (វគ្គទី២ ម៉ូឌុល៤) នៅសណ្ឋាគារ ៧មករា ខេត្តកំពង់ចាម។

សិក្ខាមដែលចូលរួម ក្នុងវគ្គបណ្តុះបណ្តាលនេះ សរុបចំនួន៥៤នាក់ មកពីខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា បង្កើនសមត្ថភាពរបស់គ្រូពេទ្យព្យាបាល និងគិលានុបដ្ឋាកក្នុងការព្យាបាល ជំងឺផ្លូវចិត្ត និងភាពញៀនគ្រឿងញៀន, រៀបចំសេវាព្យាបាលជំងឺផ្លូវចិត្ត និងភាពញៀនគ្រឿងញៀន នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព និងបង្កើនការសេវាគ្របដណ្តប់ នៃសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន។

លោកស្រីបានបញ្ជាក់ទៀតថា ក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍវិស័យសុខភាពផ្លូវចិត្ត ដោយបានដាក់បញ្ចូល វិស័យនេះ ជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងឡាយ របស់ក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាលបានដាក់វិស័យសុខភាព ផ្លូវចិត្ត ចូលទៅក្នុងអនុកម្មវិធី ជាអាទិភាពមួយ នៃផែនការយុទ្ធសាស្រ្តសុខាភិបាល ហើយបានពង្រីកសេវាសុខភាពផ្លូវចិត្ត គ្រប់រាជធានី/ខេត្ត។

លោកស្រីវេជ្ជបណ្ឌិតបន្ថែមថា «បច្ចុប្បន្នយើងមានសេវាសុខភាពផ្លូវចិត្ត គ្របដណ្តប់ប្រមាណជា៦៣% នៃមន្ទីរពេទ្យបង្អែក ទូទាំងប្រទេសចាប់តាំងពីការអភិវឌ្ឍសេវា សុខភាពផ្លូវចិត្តនាឆ្នាំ ១៩៩៤ មកទល់បច្ចុប្បន្ន យើងសង្កេតឃើញថាកំណើន ចំនួនអ្នកជំងឺផ្លូវចិត្ត មានការកើនឡើងជាបន្តបន្ទាប់»

លោកស្រី ឱ វណ្ណឌីន បញ្ជាក់ទៀតថា ជាមោទនភាពមួយ របស់ក្រសួងសុខាភិបាល ក្នុងការផ្តល់ការព្យាបាល និងថែទាំជំងឺផ្លូវចិត្តជូនដល់ ប្រជាពលរដ្ឋ ទូទាំងប្រទេស។ ប៉ុន្តែវាក៏ជាការព្រួយបារម្ភផងដែរ សម្រាប់ក្រសួងសុខាភិបាល ក្នុងការរក្សាឱ្យបាននូវតុល្យភាពរវាង បរិមាណ និងគុណភាព។

លើសពីនេះទៅទៀត សេវាសុខភាពផ្លូវចិត្ត ក៏ត្រូវទទួលការព្យាបាលអ្នកញៀនគ្រឿងញៀនថែមទៀត ដែលជាបញ្ហាសុខភាពសាធារណៈ ថ្មីមួយទៀត សម្រាប់រាជរដ្ឋាភិបាល ពិសេសក្រសួងសុខាភិបាល។ នេះជាចំណេះដឹងថ្មីមួយទៀត ស្តីពីការព្យាបាលជំងឺផ្លូវចិត្ត និងភាព ញៀនគ្រឿងញៀន ដែលកន្លងមកយើងមិនទាន់ មានការបណ្តុះបណ្តាល នៅក្នុងមហាវិទ្យាល័យ។

លោកស្រីបន្ថែមទៀតថា ជាបន្ទុកមួយថែមទៀតដល់ គ្រូពេទ្យ និងគិលាកនុបដ្ឋាក នៅតាម មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដែលជាការទទួលខុសត្រូវមួយ របស់ក្រសួងសុខាភិបាល ក៏ដូចជាមន្រ្តីសុខាភិបាល គ្រូពេទ្យព្យាបាល និងគិលានុបដ្ឋាកក្នុងការឆ្លើយតប ទៅនឹងបញ្ហាសុខភាពសាធារណៈ និង ដើម្បីលើកកម្ពស់សុខុមាលភាពពេញលេញ ទាំងផ្លូវកាយ និងផ្លូវចិត្តរបស់ប្រជាពលរដ្ឋ។ភាពញៀន គ្រឿងញៀន គឺជាបញ្ហាសុខភាពដែលត្រូវទទួលការព្យាបាលឱ្យ បានសមស្របតាមបែបវេជ្ជសាស្រ្ត ។ ការពង្រីកសេវាគ្របដណ្តប់ ដើម្បីសម្រួលដល់ការទទួលយកសេវាសុខភាព ផ្លូវចិត្ត និងគ្រឿងញៀនរបស់ប្រជាពលរដ្ឋ៕